(កូឡុំបូ)៖ អនុរដ្ឋមន្រ្តីការពារជាតិស្រីលង្កានាថ្ងៃសុក្រនេះ បានប្រកាសថា ស្រីលង្កានឹងកាត់ចំនួនកងទ័ពជើងគោករបស់ខ្លួន ក្នុងអាត្រា៣០ភាគរយ ពោលគឺពីជាង២០០,០០០នាក់ នាពេលបច្ចុប្បន្ន មកត្រឹម១៣៥,០០០នាក់ នៅឆ្នាំ២០២៤ ហើយនឹងបន្តចុះដល់ត្រឹម ១០០,០០០នាក់ នៅឆ្នាំ២០៣០ ខណៈប្រទេសដែនកោះអាស៉ីខាងត្បូងមួយនេះ ព្យាយាមកាត់បន្ថយការចំណាយ នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ដែលខ្លួនកំពុងប្រឈម គិតក្នុងអំលុងពេលជាង៧ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

ចំនួនកងកម្លាំងប្រដាប់អាវុធសរុបរបស់ប្រទេសស្រីលង្កា បានកើនដល់កម្រិតខ្ពស់បំផុត កាលពីចន្លោះឆ្នាំ២០១៧-២០១៩ គឺ៣១៧,០០០នាក់ ដែលច្រើនជាងអំលុងជម្លោះប្រដាប់អាវុធ រយៈពេល២៥ឆ្នាំ ជាមួយក្រុមឧទ្ទាមខ្លាតាមិល ដែលបានបញ្ចប់កាលពីឆ្នាំ២០០៩ ទៅទៀត។ អនុរដ្ឋមន្រ្តីការពារជាតិស្រីលង្កា លោក ប្រេមីថា បានដារ៉ា ថេនណាគូន (Premitha Bandara Thennakoon) បានអះអាងថា ផែនការខាងលើ មានគោលដៅបង្កើតកងកម្លាំងការពារជាតិមួយ ដែលមានបច្ចេកទេសនិងយុទ្ធសាស្រ្តល្អ ហើយមានតុល្យភាពនៅត្រឹមឆ្នាំ២០៣០។

គួរបញ្ជាក់ថា ការចំណាយលើវិស័យការពារជាតិ នៅក្នុងកញ្ចប់ថវិកាសរុបរបស់រដ្ឋាភិបាលស្រីលង្កា បានកើនដល់ចំណុចខ្ពស់បំផុតកាលពីឆ្នាំ២០២១ គឺ២.៣១ភាគរយនៃ GDP ប៉ុន្តែបានថយចុះមកត្រឹម២.០៣ភាគរយ កាលពីឆ្នាំ២០២២។ ប្រទេសដែលមានប្រជាជន ២២លាននាក់មួយនេះ ត្រូវបានបង្ខំឱ្យកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល បន្ទាប់ពីខ្លួនបានធ្លាក់ផុងកាន់តែជ្រៅក្នុងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំមុន នៅពេលលែងមានទុនបម្រុងអន្តរជាតិសម្រាប់ប្រើប្រាស់៕