(ប៉េកាំង)៖ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ការប្រកួតប្រជែនសហគ្រិនភាព និងនវានុវត្តន៍ចិន-អាស៊ានឆ្នាំ២០២២ ដែលផ្ដួចផ្ដើមដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន និងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងទទួលរៀបចំដោយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រទេសចិន គណៈកម្មាធិការនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន មជ្ឈមណ្ឌលអភិវឌ្ឍន៍នៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Torch នៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រទេសចិន និងនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃតំបន់ស្វយ័តជនជាតិZhuangក្វាងស៊ី (មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន) បានប្រព្រឹត្តទៅដោយជោគជ័យនាទីក្រុងណាននីង ប្រទេសចិន។

ការប្រកួតប្រជែងលើកនេះ មានប្រធានបទ "កិច្ចសហប្រតិបត្តិការនវានុវត្តន៍ ដើម្បីកសាងអនាគតរួមគ្នា" ផ្តោតលើវិស័យឧស្សាហកម្មសំខាន់ៗចំនួនបួនរួមមាន កសិកម្មទំនើប សេដ្ឋកិច្ចឌីជីថល ជីវវេជ្ជសាស្ត្រ និងសុខភាព ការការពារបរិស្ថាននិងសន្សំសំចៃ បើកទទួលគម្រោងប្រកួតប្រជែងពីសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ សហគ្រាស និងក្រុមក្នុងសង្គមផ្សេងៗ នៅក្នុងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ដោយបែងចែកជាក្រុមសហគ្រាស និងក្រុមបុគ្គលប្រកួតប្រជែង។ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនក្នុងខែសីហា ឆ្នាំ ២០២២មក ក្រុមចំនួន ៧១ មកពីបណ្តាប្រទេសនៅតាមបណ្តោយ "ខ្សែក្រវាត់ និងផ្លូវ" រួមទាំងបណ្តាប្រទេសអាស៊ានបានចូលរួមក្នុងការប្រកួតប្រជែងនេះ។ បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ គម្រោងដែលមានគុណភាពខ្ពស់ចំនួន ២០ បានលេចចេញជារូបរាង និងឈានទៅវគ្គផ្តាច់ព្រ័ត្រ។

នៅទីបញ្ចប់ គម្រោងទាំងពីរដែលរួមមាន គម្រោង"Directional Sound to Improve Ear Health—Dr Hearing" និង គម្រោង"Low Carbon Combustion Device Coupled with Data for Ground-air-space and New Energy System Application” បានទទួលរង្វាន់ចំណាត់ថ្នាក់ទីមួយក្នុងក្រុមសហគ្រាស និងក្រុមបុគ្គល។ គម្រោងចំនួន៦ រួមមាន “Castomize—Casts Made with 4D Printing"ជាដើម ទទួលបានរង្វាន់ចំណាត់ទីពីរនៅក្នុងក្រុមសហគ្រាស ឬក្រុមបុគ្គល។ គម្រោងចំនួន១២ រួមមានគម្រោង"Changing “Sky-high-priced Medicine” to “Civilian Medicine”: Microbial Synthesis of the Cardiac Glycoside Drug Digitoxin" ជាដើម ទទួលបានរង្វាន់ចំណាត់ថ្នាក់ទីបីនៅក្នុងក្រុមសហគ្រាស ឬក្រុមបុគ្គល។

លើសពីនេះ ដើម្បីលើកទឹកចិត្តដល់ស្មារតីនវានុវត្តន៍ របស់អ្នកច្នៃប្រឌិតវ័យក្មេងមកពីគ្រប់ប្រទេសទាំងអស់ ស្ថាប័នផ្ដួចផ្ដើមកម្មវិធីបានជ្រើសរើសតារាកិច្ចសហប្រតិបត្តិការចំនួន១០រូប និងតារាច្នៃប្រឌិតចំនួន១០រូប តាមរយៈការដាក់ពិន្ទុជារួមលើភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន និងអនាគតនៃកិច្ចសហប្រតិបត្តិការ។
យោងតាមរបាយការណ៍ ការប្រកួតប្រជែងនេះប្រើប្រាស់ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងភាពជាសហគ្រិនជាស្ពានមួយ ដើម្បីស្វែងរកយន្តការតភ្ជាប់សហគ្រិនភាព និងនវានុវត្តន៍ជាចីរភាព ជំរុញយ៉ាងស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកទេសរវាងប្រទេសចិន និងអាស៊ាន លើកតម្កើងសមត្ថភាពនវានុវត្តន៍ក្នុងប្រទេសចិន និងតំបន់អាស៊ាន ជំរុញភាពរឹងមាំនៃសហគ្រិនភាព និងនវានុវត្តន៍ លើកកម្ពស់ទំនាក់ទំនងទ្វេភាគីលើកត្តានវានុវត្តន៍នានា រួមមានសមិទ្ធផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មូលធនហិរញ្ញវត្ថុ ធនធានមនុស្ស និងទិន្នន័យព័ត៌មានជាដើម ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនការកសាងសហគមន៍ជោគវាសនារួមចិនអាស៊ាន ដែលកាន់តែជិតស្និតបន្ថែមទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន