(វ៉ាស៉ីនតោន)៖ មន្ត្រីក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់ នៅភាគកណ្តាលរដ្ឋអាឡាបាម៉ា របស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយសារព្យុះផ្គររន្ទះ និងខ្យល់ព្យុះកំបុតត្បូងមួយបានបោកបក់ពាសពេញតំបន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

អ្នកនាំពាក្យរបស់ការិយាល័យប៉ូលិសតំបន់អូថាហ្គា (Autauga) បានឲ្យដឹងថា មនុស្សចំនួន៦នាក់បានស្លាប់ដោយសារតែព្យុះនេះ ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែមនោះទេ។ អភិបាលរដ្ឋអាឡាបាម៉ា លោកស្រី ខេ អាយវី (Kay Ivey) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននៅក្នុងតំបន់ចំនួន៦ ដែលរងគ្រោះខ្លាំងជាងគេមានដូចជា អូថាហ្គា (Autauga) ឆាមបឺ (Chambers) ឃូសា (Coosa) ដាឡាស់ (Dallas) អែលម័រ (Elmore) និងតាឡាពូសា (Tallapoosa)។

គួរបញ្ជាក់ថា ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញផ្ទះសម្បែង និងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់ នៅក្នុងផ្នែកខ្លះនៃរដ្ឋចចជៀ (Georgia) មីសស៉ីស៉ីបពី (Mississippi) និងអាឡាបាម៉ា (Alabama)។ ចំណែក ជើងហោះហើរជាង២៥០ នៃអាកាសយានដ្ឋានអន្តរជាតិ អាតស៍ហ្វៀល ជេកសុន អាថ្លាន់តា (Hartsfield Jackson Atlanta) និងអាកាសយានដ្ឋានអន្តរជាតិ ឆាឡូត ឌូកឡាស់ (Charlotte Douglas) ត្រូវបានលុបចោលឬពន្យារពេល៕