(អាស្តាណា)៖ នៅថ្ងៃសុក្រនេះ សភានៃប្រទេសកាហ្សាក់ស្ថានបានបោះឆ្នោតលុបចោល ច្បាប់មួយដែលផ្តល់ឱ្យគ្រួសារអតីតប្រធានាធិបតី លោក ណួរស៊ូលតង់ ណាហ្សាបាយេវ (Nursultan Nazarbayev) នូវអភ័យឯកសិទ្ធិផ្លូវច្បាប់ ព្រមទាំងដកហូតនូវឋានៈជារដ្ឋបុរសរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

លោក ណាហ្សាបាយេវ បច្ចុប្បន្នអាយុ៨២ឆ្នាំ ធ្លាប់បានដឹកនាំប្រទេសអាស៉ីកណ្តាល ដែលសម្បូរដោយធនធានប្រេងមួយនេះ កាលពីចន្លោះ​ឆ្នាំ១៩៨៩ ដល់ឆ្នាំ២០១៩។ ដំបូងឡើយលោក ណាហ្សាបាយេវ រក្សាបាននូវអំណាចធំសម្បើមដដែល បន្ទាប់ពីលោកលាលែងពីតំណែង ហើយលើក​បុគ្គលជំនិតរបស់ខ្លួន គឺលោក កាស្ស៉ីម-ចូម៉ាត តូកាយេវ (Kassym-Jomart Tokayev) ឱ្យធ្វើជាអ្នកបន្តវេនជំនួស។

យ៉ាងណាមិញ អ្នកនយោបាយទាំងពីរ ហាក់លែងត្រូវដងត្រូវផ្លែគ្នាតទៅទៀត កាលពីដើមឆ្នាំ២០២២ ខណៈបាតុកម្មហិង្សាបានផ្ទុះឡើងខ្លាំង ពាសពេញអតីតសាធារណរដ្ឋសូវៀតមួយនេះ ដែលលោក តូកាយេវ បានអះអាងថា គឺជាផ្នែកនៃផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ កំលុងពេលនោះ មនុស្ស២៣៨នាក់ត្រូវបានសម្លាប់ ដោយក្រុមបាតុករដែលបានចូលលុកលុយ និងដុតបំផ្លាញអគាររដ្ឋាភិបាល នៅតាមទីក្រុងមួយចំនួន ប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ។

បន្ទាប់មកលោក តូកាយេវ ក៏បានឡើងកាន់តួនាទីរបស់លោក ណាហ្សាបាយេវ ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលបំផុត ហើយក្រោយអំពើហិង្សាបញ្ចប់ទៅវិញ លោក តូកាយេវ បានដឹកនាំយុទ្ធនាការបោសសំអាត ដោយដកសាច់ញាតិនិងអ្នកពាក់ព័ន្ធជាមួយ លោក ណាហ្សាបាយេវ ជាច្រើននាក់ ចេញពីតំណែងជាន់ខ្ពស់នៅក្នុងវិស័យរដ្ឋ។

ប៉ុន្តែគ្រួសាររបស់លោកអតីតប្រធានាធិបតី រហូតមកទល់ពេលនេះ គឺទទួលបានការការពារផ្លូវច្បាប់ ដោយសារតែច្បាប់មួយ ដែលបាន​ផ្តល់ឱ្យរូបលោកផ្ទាល់ផងដែរ នូវឋានៈហៅថា យេលបាស៉ី (Yelbasy) ឬរដ្ឋបុរស ហើយរួមមានទាំងថវិកាសម្រាប់ចាយវាយ និងកងអង្គរក្សថែមទៀតផង។

គួរបញ្ជាក់ថា ស្របពេលដែលសភាបានដកហូតអភ័យឯកសិទ្ធិរបស់គ្រួសារលោកក្តី លោក ណាហ្សាបាយេវ ខ្លួនឯងផ្ទាល់ នឹងនៅតែមាន​ឯកភ័យសិទ្ធិដដែល ក្នុងនាមជាអតីតប្រធានាធិបតី ដែលត្រូវបានផ្តល់ឱ្យដោយ រដ្ឋធម្មនុញ្ញរបស់ប្រទេសកាហ្សាក់ស្ថាន៕