(សេអ៊ូល)៖ ប៉ូលិសកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបាននិយាយថា បញ្ហាខ្វះការត្រៀមលក្ខណៈ និងការឆ្លើយតបយឺតយាវ គឺជាមូលហេតុចម្បងនៃសោកនាដកម្មស្លាប់មនុស្សចំនួន ១៥៩នាក់ ក្នុងពិធីបុណ្យ Halloween នៅក្នុងទីក្រុងសេអ៊ូលកាលពីឆ្នាំ២០២២ និងសម្រេចបិទបញ្ចប់ការស៊ើបអង្កេតរយៈពេលជាច្រើនខែមកនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

តំបន់កម្សាន្តពេលរាត្រីដ៏ពេញនិយមរបស់កូរ៉េខាងត្បូង គឺសង្កាត់អ៉ីតេវ៉ុន (Itaewon) បានប្រែទៅជាទីតាំងដែលមានស្លាប់មនុស្ស យ៉ាងអាណោចអាធ័ម ដោយសារតែមនុស្សច្រើនប្រជ្រៀតគ្នាថប់ដង្ហើម នៅថ្ងៃទី២៩ ខែតុលា ក្រោយអ្នកទៅចូលរួមដែលភាគច្រើនជាយុវវ័យរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នាចូលទៅផ្លូវតូចចង្អៀតដើម្បីអបអរពិធីបុណ្យ Halloween ជាលើកដំបូងដែលគ្មានការទប់ស្កាត់កូវីដ១៩ ក្នុងរយៈពេល៣ឆ្នាំ។

លោក សុន ចេហាន (Sohn Je-han) ដែលដឹកនាំការស៊ើបអង្កេតខាងលើនេះបានឲ្យដឹងថា អាជ្ញាធររួមទាំងប៉ូលិស មិនបានដាក់ចេញនូវវិធានការសុវត្ថិភាពនោះទេ ទោះបីជាមានមនុស្សច្រើនកុះករកំពុងជួបគ្រោះថ្នាក់ក៏ដោយ ហើយក៏មិនបានចាត់វិធានការសមស្របនោះដែរ បន្ទាប់ពីមានការអំពាវនាវសុំជំនួយសង្រ្គោះបន្ទាន់។

លោក សុន បានប្រាប់អ្នកយកព័ត៌មានថា ការវិនិច្ឆ័យមិនត្រឹមត្រូវនៃស្ថានភាព ការពន្យារពេលក្នុងការចែករំលែកព័ត៌មាន និងការខ្វះកិច្ចសហប្រតិបត្តិការក្នុងចំណោមភ្នាក់ងារពាក់ព័ន្ធ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន។ ក្រុមស៊ើបអង្កេតបានបញ្ជូនមនុស្ស ២៣នាក់រួមទាំង មេប៉ូលិសក្រុងសេអ៊ូលទៅកាន់រដ្ឋអាជ្ញា។

គួរបញ្ជាក់ថា គ្រួសារសព និងសមាជិកសភាបក្សប្រឆាំងបានរិះគន់ដំណើរការស៊ើបអង្កេតរបស់ប៉ូលិស ថាមិនអាចឲ្យមន្ត្រីកំពូលរបស់ខ្លួនទទួលខុសត្រូវចំពោះហេតុការណ៍នេះ ហើយរំពឹងថានឹងមានការស៊ើបអង្កេតកាន់តែប្រសើរជាងមុន៕