(ប៉េកាំង)៖ នាថ្ងៃសុក្រនេះ យន្តហោះ Boeing 737 MAX បានចាប់ផ្តើមការហោះហើរដឹកអ្នកដំណើររបស់ខ្លួនឡើងវិញហើយ នៅឯប្រទេសចិន ដែលជាលើកដំបូងបង្អស់ ក្នុងរយៈពេលជិត៤ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

ទិន្នន័យពីវែបសាយតាមដានជើងហោះហើរ FlightRadar24 គឺជើងហោះហើរក្នុងស្រុកមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ដែលមានគោលដៅពីទីក្រុងក្វាងចូវ (Guangzhou) ឆ្ពោះទៅកាន់ទីក្រុងចេងចូវ (Zhengzhou) បានចាកចេញពីអាកាសយានដ្ឋាន កាលពីវេលាម៉ោង១២៖៤៥នាទី ដោយប្រើយន្តហោះ Boeing 737 MAX។

យន្តហោះ 737 MAX ដែលជាម៉ូដែលលក់ដាច់ជាងគេរបស់ Boeing ត្រូវបានផ្អាកប្រតិបត្តិការហោះហើរ កាលពីខែមីនា ឆ្នាំ២០១៩ បន្ទាប់ពី​មានហេតុការណ៍ ធ្លាក់យន្តហោះប្រភេទនេះចំនួន២ករណី នៅឯប្រទេសឥណ្ឌូណេស៉ីនិងអេត្យូពី ក្នុងចន្លោះពេលត្រឹមតែប៉ុន្មានខែពីគ្នា។ ក្រោយមក Boeing 737 MAX ក៏បានចាប់ផ្តើមហោះហើរដឹកអ្នកដំណើរឡើងវិញ នៅប្រទេសផ្សេងៗចាប់ពីចុងឆ្នាំ២០២០ ខណៈចិនគឺជាទីផ្សារធំ​ចុងក្រោយគេ ដែលបានធ្វើយ៉ាងដូច្នោះ។

គួរបញ្ជាក់ថា យោងតាមទិន្នន័យឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍មានយន្តហោះ 737 MAX សរុប៩៧គ្រឿង មុនពេលបញ្ឈរជើង ក្នុង​ចំណោមនោះ អាកាសចរណ៍ China Southern ជាអតិថិជនចិនធំជាងគេសម្រាប់ម៉ូដែលនេះ​ ជាមួយការបញ្ជាទិញ៥០គ្រឿង ដោយ៣៤គ្រឿង ត្រូវបាន Boeing ប្រគល់ឱ្យរួចរាល់។ ការហោះហើរ 737 MAX ឡើងវិញនៅប្រទេសចិន គឺជាជោគជ័យមួយសម្រាប់ Boeing ដែលកំពុងព្យាយាមស្តារអាជីវកម្មរបស់ខ្លួន នៅក្នុងទីផ្សារអាកាសចរណ៍ធំបំផុតលំដាប់ទី២នេះ៕