(ទ្រីប៉ូលី)៖​ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA​ លោក វីលៀម បឺន (William Burns) បានបំពេញដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសលីប៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី លោក អាប់ឌុលហាមីត អាល់ ឌីបៃបាស់ (Abdulhamid al-Dbeibah) នៅក្នុងរដ្ឋធានី ទ្រីប៉ូលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

រដ្ឋាភិបាលលីប៊ី បានប្រកាសពីការបំពេញដំណើរទស្សនកិច្ចរបស់លោក វីលៀម បឺន នៅលើទំព័រ Facebook របស់ខ្លួន អមជាមួយការបង្ហោះរូបថតថតជាមួយគ្នារបស់ លោក Burns និងលោក Dbeibah។ ដោយឡែក ប្រភពស្និទ្ធនឹងរដ្ឋាភិបាលលីប៊ីភាគខាងកើតរបស់លោក ខាលីហ្វា ហាហ្វតា (Khalifa Haftar) ដែលមានមូលដ្ឋានក្នុង ទីក្រុង បេនហ្កាហ្ស៉ី (Benghazi) ក៏បានអះអាងពីជំនួបរវាងលោក បឺន និងលោក ហាហ្វតាផងដែរ។ ក៏ប៉ុន្តែខាង CIA ដែលជាធម្មតាមិនដែលបានប្រកាសឱ្យដឹងពី ដំណើរទស្សនកិច្ចរបៀបនេះ មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ។

គួរបញ្ជាក់ថា លីប៊ី នៅតែបន្តស្ថិតនៅក្នុងជម្លោះ និងអំពើហិង្សានៅឡើយ ចាប់តាំងពីមានបដិវត្តន៍គាំទ្រដោយអង្គការ NATO ផ្ដួលរំលំ និងសម្លាប់អតីតមេដឹកនាំលីប៊ី លោក ហ្កាដាហ្វី កាលពីឆ្នាំ២០១១មក ហើយប្រទេសនេះត្រូវបានពុះចែកជា២ គឺរដ្ឋាភិបាលភាគខាងលិចមានមូលដ្ឋានក្នុងរដ្ឋធានីទ្រីប៉ូលី គាំទ្រដោយ UN និងរដ្ឋាភិបាលភាគខាងកើតមានមូលដ្ឋានក្នុងទីក្រុង បេនហ្កាហ្ស៉ី គាំទ្រដោយរុស្ស៉ី និងប្រទេសអារ៉ាប់មួយចំនួនទៀត៕