(ញូវដែលី)៖ មេទ័ពឥណ្ឌាបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១២ មករា) ថា ស្ថានភាពព្រំដែនជាមួយចិនមានស្ថិរភាព ប៉ុន្តែមិនអាចទាយទុកជាមុនបាន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាជិតពីរឆ្នាំកន្លះ រវាងទាហានរាប់ម៉ឺននាក់មកពីប្រទេសទាំងពីរនៅតំបន់ Ladakh ភាគខាងកើត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ឧត្តមសេនីយ Manoj Pande បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសទាំងពីរកំពុងបន្តពិភាក្សាទាំងក្នុងកម្រិតការទូត និងយោធា ហើយថាយោធាឥណ្ឌារក្សាកម្រិតខ្ពស់នៃការត្រៀមខ្លួន។

លោក Pande បាននិយាយថា «យើងមានកម្លាំងគ្រប់គ្រាន់។ យើងមានទុនបម្រុងគ្រប់គ្រាន់នៅក្នុងវិស័យនីមួយៗរបស់យើង ដើម្បីអាចដោះស្រាយប្រកបដោយប្រសិទ្ធភាពជាមួយនឹងស្ថានភាព ឬឧបទ្ទវហេតុណាមួយ»

ប្រទេសឥណ្ឌាបាននិយាយថា ប្រទេសចិនកាន់កាប់ផ្ទៃដី ៣៨,០០០គីឡូម៉ែត្រការ៉េ នៃទឹកដីរបស់ខ្លួននៅក្នុងខ្ពង់រាប Aksai Chin ដែលឥណ្ឌាចាត់ទុកថា ជាផ្នែកមួយនៃតំបន់ Ladakh ដែលជាកន្លែងប្រឈមមុខគ្នានាពេលបច្ចុប្បន្ន។

ឥណ្ឌាព្រមានថា ការផ្លាស់ប្តូរឯកតោភាគីក្នុងស្ថានភាពព្រំដែនដោយក្រុងប៉េកាំង គឺមិនអាចទទួលយកបានទេ៕