(កាប៊ុល)៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុម​​​​ ISIS បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកដ៏ប្រល័យ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំនាក់នៅជិតក្រសួងការបរទេសក្នុងរដ្ឋធានីអាហ្វហ្គានីស្ថានមួយថ្ងៃមុន។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

ការបំផ្ទុះគ្រាប់បែកនេះ គឺជាការវាយប្រហារដ៏ធំលើកទីពីរនៅទីក្រុងកាប៊ុលក្នុងឆ្នាំ២០២៣ ហើយបានទាក់ទាញការថ្កោលទោសពីសហគមន៍អន្តរជាតិ។

ក្រុមជ្រុលនិយមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនដែលបំផ្ទុះខ្លួនឯងត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះ Khaybar al-Qandari បានបំផ្ទុះអាវកាក់របស់គាត់ក្នុងចំណោមហ្វូងបុគ្គលិកក្រសួង និងឆ្មាំ នៅពេលដែលពួកគេចាកចេញពីច្រកទ្វារធំរបស់ក្រសួង។

​ភ្លាមៗ​មិន​មាន​ការ​ឆ្លើយ​តបពី​មេដឹកនាំ​តាលីបង់​ ទាក់​ទង​នឹង​ការអះអាងរបស់​ក្រុម ISIS នេះនោះ​ទេ។ កាលពីថ្ងៃពុធ អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុល លោក Khaled Zadran បាននិយាយថា ការបំផ្ទុះនេះបានសម្លាប់ជនស៊ីវិល ៥នាក់ និងជាច្រើននាក់ទៀតរងរបួសនៅជិតក្រសួង។

ទីភ្នាក់ងារសារព័ត៌មាន Amaq របស់ ISIS បាននិយាយថា ការវាយប្រហារនេះកើតឡើងស្របពេលជាមួយនឹងវគ្គបណ្តុះបណ្តាលរបស់ក្រសួងសម្រាប់អ្នកការទូត។

ក្រុមជ្រុលនិយមបានបង្កើនការវាយប្រហាររបស់ពួកគេចាប់តាំងពីក្រុមតាលីបង់ចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០២១ ។ គោលដៅជារួមសំដៅលើការល្បាតរបស់ទាហានតាលីបង់ និងសមាជិកនៃជនជាតិភាគតិចស៊ីអ៊ីតរបស់ប្រទេសនេះ៕