(មូស្គូ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ រុស្ស៉ីបាននិយាយថា ខ្លួននឹងបញ្ជូនយានអវកាស សូយូស (Soyuz) ១គ្រឿងទៀតនៅខែកុម្ភៈ ដើម្បីទៅនាំយកអវកាសយានិករុស្ស៉ី២នាក់ ព្រមទាំងអវកាសយានិកអាមេរិកម្នាក់ ពីស្ថានីយអវកាសអន្តរជាតិ ISS ត្រឡប់ចុះមកផ្ទៃផែនដីវិញ បន្ទាប់យានអវកាសដើម ដែលពួកគេជិះធ្វើដំណើរទៅទីនោះ បានជួបបញ្ហាលេចធ្លាយកាលពីខែធ្នូ ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។
លោក យូរី បូរីសូវ (Yuri Borisov) ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូកូសម៉ូស (Roscosmos) បាននិយាយថា យានអវកាសថ្មី Soyuz MS-23 នឹងត្រូវបញ្ជូនឡើងទៅស្ថានីយ ISS នៅថ្ងៃទី២០ ខែកុម្ភៈ ដើម្បីបម្រើជាមធ្យោបាយដឹកជញ្ជូន ក្រុមអវកាសយានិកនៅទីនោះ ត្រឡប់មកវិញ ជំនួសយាន Soyuz MS-22 ដែលបានជួបបញ្ហា។ យាន MS-22 នឹងត្រូវបញ្ជាចុះមកផ្ទៃផែនដីវិញ ដោយគ្មានមនុស្ស។ បើតាមទីភ្នាក់ងារអវកាសរុស្ស៉ី ការលេចធ្លាយនៃយាន MS-22 មានទំហំក្រោម១មីលីម៉ែត្រឡើយ និងបង្កឡើងដោយកម្ទេចថ្មអវកាសដ៏តូចមួយ។
គួរបញ្ជាក់ថា អវកាសយានិករុស្ស៉ី លោក សឺហ្គៃ ប្រូកូពយ៉េវ (Sergey Prokopyev) និងលោក ឌីមីទ្រី ប៉េតេលីន (Dmitry Petelin) រួមទាំងអវកាសយានិកអាមេរិក លោក ហ្រ្វាន់ស៉ីស្កូ រូប៊ីអូ (Francisco Rubio) ដំបូងឡើយត្រូវបញ្ចប់បេសកកម្មរបស់ពួកគេ នៅក្នុងខែមីនា ប៉ុន្តែឥឡូវនឹងត្រូវអូសបន្លាយបន្ថែមប៉ុន្មានខែទៀត មុនត្រឡប់មកវិញតាមរយៈយានអវកាស MS-23។ យាន MS-23 ត្រូវបានរុស្ស៉ីគ្រោងសម្រាប់នាំ ក្រុមអវកាសយានិកថ្មី ឡើងទៅស្ថានីយ ISS នៅខែមីនា ប៉ុន្តែនាពេលនេះនឹងត្រូវប្រើប្រាស់ជាបេសកកម្មជួយសង្រ្គោះ ដោយពុំមានមនុស្សវិញ នៅខែក្រោយ៕