(អូតាវ៉ា)៖ ការិយាល័យនាយករដ្ឋមន្រ្តីកាណាដា បានឱ្យដឹងថា កាណាដានឹងទិញប្រព័ន្ធការពារដែនអាកាស NASAMS ដែលផលិតដោយសហរដ្ឋអាមេរិក ដើម្បីផ្តល់ឱ្យទៅអ៊ុយក្រែន បន្ទាប់ពីមេដឹកនាំកាណាដានិងអាមេរិក បានជួបពិភាក្សាគ្នាក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។
ក្នុងសប្តាហ៍នេះ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅកាន់ប្រទេសម៉ិកស៉ិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំតំបន់អាមេរិកខាងជើង ហើយនៅទីនោះ លោក ទ្រូដូ បានប្រាប់លោក បៃដិន អំពីការទិញប្រព័ន្ធ NASAMS ក្នុងកិច្ចពិភាក្សាដាច់ដោយឡែកមួយរវាងអ្នកទាំងពីរ ជុំវិញការផ្តល់ការគាំទ្រដល់អ៊ុយក្រែន នៅក្នុងសង្រ្គាមជាមួយរុស្ស៉ី។
ក្រោយសេចក្តីប្រកាសខាងលើ រដ្ឋមន្រ្តីការពារជាតិកាណាដា លោកស្រី អានីតា អាណាន (Anita Anand) បាននិយាយថា នេះជាលើកទីមួយ នៃការបរិច្ចាគប្រព័ន្ធការពារដែនអាកាស ពីកាណាដាឱ្យដល់អ៊ុយក្រែន។ NASAMS គឺជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លីនិងមធ្យម ដែលអាចការពារប្រឆាំងដ្រូន មីស៉ីល និងយន្តហោះចម្បាំង ជាដើម។
គួរបញ្ជាក់ថា ការបរិច្ចាគខាងលើរបស់កាណាដា មានតម្លៃខ្ទង់៤០៦លានដុល្លារកាណាដា ឬស្មើនឹង៣០២.៦លានដុល្លារអាមេរិក និងបន្ថែមពីលើជំនួយ៥០០លានដុល្លារកាណាដា (ជាង៣៧០លានដុល្លារអាមេរិក) ដែលទីក្រុងអូតាវ៉ាបានសន្យាចំពោះទីក្រុងកៀវ កាលពីខែវិច្ឆិកា ឆ្នាំមុន។ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅខែកុម្ភៈ ឆ្នាំ២០២២ កាណាដាបានប្រកាសផ្តល់ជំនួយយោធាសរុបជាង ១ពាន់លានដុល្លារកាណាដា (ជិត៧៥០លានដុល្លារអាមេរិក) ដល់អ៊ុយក្រែន៕