(កៀវ)៖ កងទ័ពអ៊ុយក្រែនបានបដិសេធនៅថ្ងៃពុធនេះថា កងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុង Soledar ភាគខាងកើត ហើយបាននិយាយថា ភាពខ្លាំងនៃការប្រយុទ្ធនៅក្នុងតំបន់នេះ អាចប្រៀបធៀបទៅនឹងការប្រយុទ្ធក្នុងសង្គ្រាមលោកលើកទីពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាកងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។

លោក Serhiy Chervaty អ្នកនាំពាក្យនៃបញ្ជាការដ្ឋានយោធាភាគខាងកើត បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា កងកម្លាំងអ៊ុយក្រែនមិនអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ី ទម្លុះសមរភូមិមុខនោះទេ។

លោកបាននិយាយថា «ទីក្រុងនេះមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហព័ន្ធរុស្ស៊ីទេ។ មានការប្រយុទ្ធគ្នាយ៉ាងសាហាវកំពុងកើតឡើងនៅពេលនេះ...ស្ថានការណ៍ស្មុគស្មាញនៅទីនោះ»

លោកបានបន្ថែមថា ថ្នាក់ដឹកនាំយោធា «ឥឡូវនេះកំពុងធ្វើការលើវិធីធ្វើឱ្យស្ថានការណ៍មានស្ថេរភាព ជាមួយនឹងផលប៉ះពាល់ជាអតិបរមាសម្រាប់សត្រូវ និងការខាតបង់អប្បបរមាសម្រាប់អ៊ុយក្រែន»

ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner បាននិយាយថា ខ្លួនបានកាន់កាប់ទីក្រុង Soledar ដែលជាទីក្រុងជីកយករ៉ែអំបិលនៅជិតទីក្រុង Bakhmut ខណៈដែលរុស្ស៊ីព្យាយាមគ្រប់គ្រងតំបន់ Donbass ទាំងមូលនៃភាគខាងកើតអ៊ុយក្រែន។

លោក Chervaty បាននិយាយថា «ភាពខ្លាំងនៃការប្រយុទ្ធនៅជិតទីក្រុង Bakhmut អាចប្រៀបធៀបទៅនឹងសង្រ្គាមលោកលើកទីពីរ» ដោយបន្ថែមទៀតថា កងកម្លាំងរុស្ស៊ីនៅតែមានអាវុធសម័យសូវៀតច្រើន ហើយកំពុងប្រើប្រាស់រថពាសដែកសម័យសូវៀត ជាមួយនឹងអាវុធទំនើបមួយចំនួនផងដែរ។

ទោះយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យអំពីស្ថានភាពជាក់ស្តែងនៅទីក្រុង Soledar បានទេ៕