(អ៊ូហ្គង់ដា)៖ ប្រទេសអ៊ូហ្គង់ដានៅថ្ងៃពុធ (១១ មករា) នេះ បានប្រកាសបញ្ចប់ការឆ្លងរីករាលដាល នៃជំងឺ Ebola ដែលបានផ្ទុះឡើងជិត ៤ខែមុន និងបានឆក់យកជីវិតមនុស្ស ៥៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១​ ខែមករា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Jane Ruth Aceng បាននិយាយនៅក្នុងពិធីមួយនៅកណ្តាលទីក្រុង Mubende ដែលជាកន្លែងដែលជំងឺនេះត្រូវបានរកឃើញជាលើកដំបូងកាលពីខែកញ្ញាថា «យើងបានគ្រប់គ្រងដោយជោគជ័យនូវការផ្ទុះឡើង នៃជំងឺ Ebola នៅក្នុងប្រទេសអ៊ូហ្គង់ដា»

ការប្រកាសនេះត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញដោយអង្គការសុខភាពពិភពលោក (WHO) ដែលប្រធានអង្គការ លោក Tedros Adhanom Ghebreyesus បានសាទរចំពោះ «ការឆ្លើយតបដ៏រឹងមាំ និងទូលំទូលាយ» របស់ប្រទេសអាហ្រ្វិកខាងកើតមួយនេះ។

លោក Aceng បាននិយាយថា ថ្ងៃទី១១ ខែមករាមេះ គឺជាថ្ងៃទី១១៣ តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត Ebola បានរាលដាលដល់រដ្ឋធានី Kampala។

គួរបញ្ជាក់ថា នៅក្រោមលក្ខណៈវិនិច្ឆ័យរបស់អង្គការសុខភាពពិភពលោក ការផ្ទុះឡើងនៃជំងឺនេះនឹងត្រូវបញ្ចប់ជាផ្លូវការ នៅពេលដែលគ្មានករណីថ្មីរយៈពេល៤២ថ្ងៃជាប់ៗគ្នា ដែលជារយៈពេលនៃការបង្កកំណើតរបស់មេរោគពីរដង៕