(កូឡុំបូ)៖ ប្រទេសកាណាដា បានចេញបម្រាមធ្វើដំណើរលើ លោក ហ្គោតាប្រាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) និងបងប្រុសរបស់លោក គឺ លោក ម៉ាហ៉ីដា រ៉ាចាប៉ាកសា (Mahinda Rajapaksa) ដែលសុទ្ធតែអតីតប្រធានាធិបតីស្រីលង្កា ដោយសារតែការរំលោភសិទ្ធិមនុស្សដែលបានប្រព្រឹត្តអំឡុងពេ លសង្រ្គាមស៊ីវិលក្នុងប្រទេសដីកោះមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។

លោក ម៉ាហ៉ិនដា រ៉ាចាប៉ាកសា ស្ថិតក្នុងតំណែងជាប្រធានាធិបតី នៅពេលដែលរដ្ឋាភិបាលដាក់ចេញ នូវយុទ្ធនាការយោធាគ្មានការរារាំង ដើម្បីលុបបំបាត់ចលនាបំបែកខ្លួនរបស់ក្រុមខ្លាតាមិល (Tamil Tigers) កាលពីឆ្នាំ២០០៩ ខណៈដែល លោក ហ្គោតាប្រាយ៉ា ធ្វើជាប្រមុខការពារជាតិ។ អ្នកសង្កេតការណ៍អន្តរជាតិប៉ាន់ប្រមាណថា ជនស៊ីវិលរហូតដល់៤០,០០០នាក់ មកពីជនជាតិភាគតិចតាមិលត្រូវបានសម្លាប់ ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយ នៃយុទ្ធនាការទម្លាក់គ្រាប់បែក និងការបោសសំអាតមិនរើសមុខរបស់អតីតរដ្ឋាភិបាលស្រីលង្កា។

ចាប់តាំងពីពេលនោះមក មេទ័ពកំពូលស្រីលង្កាត្រូវបានដាក់ទណ្ឌកម្ម និងដាក់បម្រាមធ្វើដំណើរដោយប្រទេសលោកខាងលិច ប៉ុន្តែការសម្រេចចិត្តរបស់កាណាដានាពេលនេះ គឺជាគោលដៅដំបូងដែលកំណត់លើសមាជិកក្នុងត្រកូលនយោបាយដ៏មានឥទ្ធិពល របស់ស្រីលង្កាទាំងពីររូបនេះ។ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី ម៉ាឡានី ចូលី (Melanie Joly) បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «កាណាដាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់នៅថ្ងៃនេះ ដើម្បីបញ្ចប់និទណ្ឌភាពអន្តរជាតិប្រឆាំងនឹងអ្នកបំពានច្បាប់អន្តរជាតិ»

ជាការឆ្លើយតប ក្រសួងការបរទេសស្រីលង្កា បានឲ្យដឹងថា នៅថ្ងៃពុធនេះខ្លួនបានកោះហៅបេសកជនស្តីទីរបស់កាណាដា ដើម្បីបង្ហាញពីការមិនសប្បាយចិត្តជាខ្លាំងរបស់ខ្លួន។

គួរបញ្ជាក់ថា លោក ម៉ាហ៉ិនដា និងលោក ហ្គោតាប្រាយ៉ា កំពុងទប់ទល់នឹងសម្ពាធពីអន្តរជាតិជុំវិញ ការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម ដែលបានប្រព្រឹត្តក្នុងកំឡុងសង្គ្រាមស៊ីវិល ដែលអូសបន្លាយជាច្រើនទសវត្សរ៍ ក្នុងអំឡុងពេលកាន់តំណែងរបស់អ្នកទាំងពីរ៕