(អាថែន)៖ អតីតស្តេចនៃប្រទេសក្រិក កូស្តង់ទីនទី២ (Costantine II) ដែលសោយរាជ្យបានរយៈពេល៩ឆ្នាំ ទើបតែយាងចូលទិវង្គត កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងជន្មាយុ៨២ព្រះវស្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។
កូស្តង់ទីនទី២ ដែលជាបុត្រតែមួយអង្គគត់របស់ស្តេច ផូល (Paul) និងម្ចាស់ក្សត្រិយ៍ ហ្វ្រេឌីរីកា (Frederica) នៃប្រទេសក្រិក បានឡើងសោយរាជ្យកាលពីឆ្នាំ១៩៦៤ ក្រោយការយាងចូលទិវង្គតរបស់ព្រះបិតា ប៉ុន្តែសម័យកាលគ្រងរាជ្យរបស់ទ្រង់ គឺពោរពេញទៅដោយបញ្ហាអស្ថិរភាពនយោបាយ ដែលជាលទ្ធផលនៅទីបញ្ចប់ គឺការផ្ទុះឡើងនៃរដ្ឋប្រហារយោធា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៦៧។
ប៉ុន្មានខែក្រោយមក ស្តេច កូស្តង់ទីនទី២ ក៏ត្រូវបានបង្ខំឱ្យភៀសព្រះកាយចេញពីប្រទេស បន្ទាប់ពីដឹកនាំចលនាប្រឆាំងរដ្ឋប្រហារ មិនទទួលបានជោគជ័យ និងបន្តស្ថិតនៅក្នុងទីក្រុងរ៉ូមនៃប្រទេសអ៉ីតាលី រហូតដល់ពេលរបបដឹកនាំយោធា រំលាយរបបរាជានិយមចោលជាផ្លូវការនៅឆ្នាំ១៩៧៣។
គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតប្រជាមតិ ដែលស្នើឡើងដោយរដ្ឋាភិបាលរួបរួមជាតិមួយ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី លោក កូស្តង់ទីណូស ការ៉ាម៉ាន់លីស (Konstantinos Karamanlis) ក្រោយការដួលរលំនៃរបបសឹកនៅឆ្នាំ១៩៧៤ ប្រជាជនក្រិកបាននាំគ្នាបដិសេធ របបរាជានិយមជាលើកទីពីរ ខណៈប្រការនេះធ្វើឱ្យ កូស្តង់ទីនទី២ គឺជាស្តេចចុងក្រោយបង្អស់របស់ក្រិក។ ទ្រង់បានសោយទិវង្គត នៅក្នុងប្រទេសក្រិកផ្ទាល់ បន្ទាប់ពីព្រះរាជសុខភាពចុះទ្រុឌទ្រោមខ្លាំង ក្នុងពេលប៉ុន្មានខែចុងក្រោយនេះ៕