(ប៉ារីស)៖ អ្នកនាំពាក្យប៉ូលិសនៃប្រទេសបារាំង បានឱ្យដឹងថា កាលពីព្រឹកថ្ងៃពុធនេះ បុរសម្នាក់ប្រដាប់ដោយកាំបិត បានធ្វើសកម្មភាពវាយប្រហារលើ មនុស្សចំនួន៦នាក់ នៅស្ថានីយរថភ្លើង ហ្កាឌុយន័រ (Gare du Nord) ដែលស្ថិតក្នុងទីក្រុងប៉ារីស ដោយបណ្តាលឱ្យម្នាក់រងរបួសធ្ងន់ និង៥នាក់រងរបួសស្រាល។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។

ប៉ូលិសបារាំងបានប្រាប់ថា ជនបង្កខាងលើត្រូវបានប៉ូលិសបាញ់ប៉ុន្មានគ្រាប់ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្រោមស្ថានភាពរបួសធ្ងន់ធ្ងរ។ ភ្លាមៗ អាជ្ញាធរបារាំងមិនទាន់អាចកំណត់នៅឡើយទេ ជុំវិញចេតនានៅពីក្រោយការវាយប្រហាររបស់​បុរសនោះ។ យ៉ាងណាក្តី កន្លែងកើតហេតុត្រូវបានធានាសន្តិសុខដោយកងកម្លាំងប៉ូលិស ក្រោយមានហេតុការណ៍ខាងលើ ខណៈរថភ្លើងបន្តធ្វើប្រតិបត្តិការ ជាធម្មតា។

គួរបញ្ជាក់ថា ស្ថានីយ ហ្កាឌុយន័រ គឺជាស្ថានីយរថភ្លើងដ៏មមាញឹកបំផុតមួយប្រចាំនៅតំបន់អឺរ៉ុប និងជាកន្លែងតភ្ជាប់ដ៏សំខាន់រវាង​ទីក្រុងប៉ារីស ទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស ហើយនិងភាគខាងជើងអឺរ៉ុប។ កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២ បុរសម្នាក់ ត្រូវបានប៉ូលិសបារាំងបាញ់សម្លាប់ នៅពេលជនរូបនោះប្រើកាំបិតវាយប្រហារលើពួកគេ នៅឯស្ថានីយរថភ្លើង ហ្កាឌុយន័រ៕