(ហ្សឺណែវ)៖ មន្រ្តីនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា គណៈកម្មាធិការនៃអង្គការសុខភាពពិភពលោក (WHO) នឹងជួបប្រជុំគ្នានៅថ្ងៃទី២៧ ខែមករា ដើម្បីពិចារណាថាតើជំងឺរាតត្បាតកូវីដ១៩ នៅតែជាភាពអាសន្នកម្រិតសាកលទៀតដែរឬទេ ខណៈវាមានរយៈពេល៣ឆ្នាំទៅហើយ ចាប់តាំងពីការប្រកាសលើកដំបូង។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។

លោកស្រី ក្លារ៉ា ដ្រាយស្ឌែល (Carla Drysdale) អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ពីពេលវេលា នៃកិច្ចប្រជុំខាងលើនេះ នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងហ្សឺណែវ។ គណៈកម្មាធិការកិច្ចការគ្រាអាសន្ន គឺជាអ្នកសម្រេចចុងក្រោយថា តើគួរចាត់ទុកការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅតែជាភាពអាសន្នផ្នែកសុខភាពសាធារណៈសកល ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតរបស់អង្គការសុខភាពពិភពលោក រួចផ្តល់យោបល់ដល់ប្រមុខ WHO លោក តេត្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus)។

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ជាច្រើន និងទីប្រឹក្សា WHO បាននិយាយថា វាអាចលឿនពេកក្នុងការប្រកាសបញ្ចប់ ដំណាក់កាលគ្រាអាសន្ននៃជំងឺកូវីដ១៩ ដោយសារតែកម្រិតខ្ពស់នៃការឆ្លងនៅក្នុងប្រទេសចិន ក្រោយបញ្ចប់គោលនយោបាយសូន្យកូវីដ កាលពីខែធ្នូ ឆ្នាំ២០២២៕