(យ៉េរ៉េវ៉ាន់)៖ នាយករដ្ឋមន្រ្តីអាមេនី លោក នីកូល ប៉ាស៉ីនយ៉ា (Nikol Pashinya) បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោក នឹងមិនរៀបចំការធ្វើសមយុទ្ធយោធាដែលដឹកនាំដោយប្រទេសរុស្ស៉ី ក្នុងឆ្នាំ២០២៣នេះឡើយ ដែលជាសញ្ញាមួយបង្ហាញចេញនូវ​ការមិនពេញចិត្តកាន់តែខ្លាំងឡើង ចំពោះទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។

ការប្រកាសដូចខាងលើរបស់លោក ប៉ាស៉ីនយ៉ា កើតមានឡើង បន្ទាប់ពីមេដឹកនាំអតីតសាធារណរដ្ឋសូវៀតរូបនេះ បានរិះគន់ចំពោះ​​ភាពអសកម្មនៃកងកម្លាំងរក្សាសន្តិភាពរបស់រុស្ស៉ី នៅតំបន់កូកាស៊ុសខាងត្បូង (South Caucasus) ដែលញាំញីដោយការប្រយុទ្ធគ្នា​រាប់ទសវត្សរ៍មកហើយរវាងអាមេនី និងប្រទេសជិតខាងខ្លួន គឺអាស៊ែបៃហ្សង់។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោកនាយករដ្ឋមន្រ្តីអាមេនី បាននិយាយថា លោកមើលមិនឃើញហេតុផលអ្វី ដែលត្រូវអនុញ្ញាត​ឱ្យ អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព ហៅកាត់ CSTO មកធ្វើសមយុទ្ធយោធានៅអាមេនី ក្នុងឆ្នាំនេះឡើយ។ លោក ប៉ាស៉ីនយ៉ា បានរំលេចថា អង្គការ CSTO បានបដិសេធថ្កោលទោសចំពោះអាស៊ែបៃហ្សង់ ដែលបានធ្វើសង្រ្គាម៦សប្តាហ៍ជាមួយអាមេនី ដើម្បីគ្រប់គ្រងតំបន់ណាហ្កោណូ-ការ៉ាបាក់ (Nagorno-Karabakh) ដែលមានជនជាតិអាមេនីរស់នៅភាគច្រើន កាលពីឆ្នាំ២០២០។

ជម្លោះនាពេលនោះ បានផ្តាច់ជីវិតមនុស្សជាង៦,៥០០នាក់ និងបញ្ចប់ទៅវិញ តាមរយៈបទឈប់បាញ់មួយសម្របសម្រួលដោយរុស្ស៉ី ដែលបានមើលឃើញទីក្រុងយ៉េរ៉េវ៉ាន់ត្រូវបោះបង់ទឹកដី ដែលខ្លួនបានគ្រប់គ្រងប៉ុន្មានទសវត្សរ៍មកហើយ ឱ្យទៅអាស៊ែបៃហ្សង់វិញ ហើយទីក្រុងមូស្គូបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់តំបន់ណាហ្កោណូ-ការ៉ាបាក់។

គួរបញ្ជាក់ថា ទោះបីការប្រយុទ្ធគ្នាទ្រង់ទ្រាយធំបញ្ចប់ទៅក្តី ភាពតានតឹងនៅតាមព្រំដែនរបស់ប្រទេសទាំងពីរ នៅតែបន្តដដែល ដោយការប៉ះទង្គិចគ្នាទ្រង់ទ្រាយតូច បានកើតមានឡើងជារឿយៗចាប់តាំងពីខែឧសភា ឆ្នាំ២០២១ រហូតដល់ខែកញ្ញា ឆ្នាំទៅមិញ។ ថ្មីៗនេះ លោក ប៉ាស៉ីនយ៉ា បានចោទថា កងកម្លាំងរុស្ស៉ីដែលដាក់ពង្រាយនៅអាស៊ែបៃហ្សង់ បរាជ័យក្នុងការការពារជនជាតិដើម​អាមេនី នៅតំបន់ណាហ្កោណូ-ការ៉ាបាក់ ហើយអំពាវនាវឱ្យមានការចូលពាក់ព័ន្ធពីកងម្លាំងរក្សាសន្តិភាពលក្ខណៈពហុជាតិ។

ដោយឡែក អង្គការ CSTO ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងមូស្គូ គឺប្រមូលផ្តុំរុស្ស៉ី ជាមួយអតីតរដ្ឋសូវៀតចំនួន៥ផ្សេងទៀត រួមមានអាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៉ីស៉ីស្ថាន និងតាហ្ស៉ីគីស្ថាន៕