(មូស្គូ)៖ គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងមក អ៊ុយក្រែនទទួលបានជំនួយយោធាពីក្រុមប្រទេសលោកខាងលិច ចំនួនប្រហែល ៤៨.៥ពាន់លានដុល្លារអាមេរិក ដែលសឹងតែស្មើនឹងកញ្ចប់ថវិកាការពារជាតិរបស់ប្រទេសរុស្ស៉ី សម្រាប់ឆ្នាំ២០២២។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។

យោងតាមការគណនារបស់ TASS ការផ្តល់ជំនួយយោធាពីក្រុមលោកខាងលិចឱ្យដល់អ៊ុយក្រែន ស្មើនឹងជិត៩៥ភាគរយនៃ​ការចំណាយទៅលើវិស័យការពារជាតិរបស់រុស្ស៉ី ដែលមានចំនួន៥១​.១ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន។ ដោយឡែក បើបូកសរុបជំនួយទាំងអស់វិញនោះ គឺទាំងផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌ ដែលទីក្រុងកៀវទទួលបានពី ក្រុមប្រទេសលោកខាងលិច និងអង្គការអន្តរជាតិ គឺមានទំហំប្រហែលជិត១៥១ពាន់លានដុល្លារ។

គួរបញ្ជាក់ថា អ៊ុយក្រែនត្រូវបានរុស្ស៉ីលើកទ័ពចូលឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈសហរដ្ឋអាមេរិកគឺជា ប្រទេសនាំមុខគ្នាក្នុងការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ គិតចាប់តាំងពីសង្រ្គាមចាប់ផ្តើម រហូតដល់ចុងឆ្នាំ២០២២ ជំនួយយោធា​ដែលទីក្រុងវ៉ាស៉ីនតោនប្រកាសផ្តល់ឱ្យទីក្រុងកៀវ គឺមានចំនួនជាង២១ពាន់លានដុល្លារ។ រីឯនៅដើមឆ្នាំ២០២៣នេះ អាមេរិកទើបតែ​ប្រកាសកញ្ចប់ជំនួយយោធាថ្មីទៀតទំហំ៣.៧៥ពាន់លានដុល្លារ៕