(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) បាននិយាយថាសហរដ្ឋអាមេរិកនឹងបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន នៅឯមូលទ័ពមួយកន្លែងស្ថិតនៅក្នុង រដ្ឋអូក្លាហូម៉ា (Oklahoma) ពីរបៀបប្រើប្រាស់ និងការថែទាំប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) ដែលទីក្រុងវ៉ាស៊ីនតោនប្រកាសបញ្ជូនឱ្យទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។
ទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្ដល់ប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) មួយគ្រឿងដល់អ៊ុយក្រែន កាលពីចុងឆ្នាំ២០២២កន្លងទៅ ដើម្បីជួយទីក្រុងកៀវទប់ទល់នឹងការវាយប្រហារ បំផ្លិចបំផ្លាញតាមផ្លូវអាកាសពីសំណាក់កងទ័ពរុស្ស៉ី។ ថ្លែងប្រាប់អ្នកសារព័ត៌មានអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ផាត រ៉ៃដឺ (Pat Ryder) បានគូសបញ្ជាក់ដូច្នេះថា «ការបណ្ដុះបណ្ដាល ទាហានអ៊ុយក្រែនពីរបៀបប្រើប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូត (Patriot) នឹងត្រូវចាប់ផ្ដើមក្នុងការពេលឆាប់ៗខាងមុខនេះ ឬអាចនៅសប្ដាហ៍ក្រោយ នៅឯមូលដ្ឋាន Fort Sill នៃរដ្ឋ Oklahoma។ លោក រ៉ៃដឺ បន្តទៀតថាទាហានអ៊ុយក្រែនប្រហែលពី៩០ ដល់១០០នាក់ នឹងត្រូវចូលរួមក្នុងការបណ្ដុះបណ្ដាលនេះដែលអាចនឹងត្រូវចំណាយពេលជាច្រើនខែ។
គួរបញ្ជាក់ថា ផលិតដោយក្រុមហ៊ុន Raytheon ប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) គឺជាប្រព័ន្ធមីស៊ីលបាញ់ចេញពីផ្ទៃដី ទៅអាកាស និងត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់បំផ្លាញ មីស៊ីលបាលិស្ទីគ និងយន្ដហោះចម្បាំង។ ប្រព័ន្ធមីស៊ីលនេះត្រូវបានប្រើប្រាស់ជាលើកដំបូងនៅក្នុងសង្រ្គាមឈ្លានពានអ៉ីរ៉ាក់របស់សហរដ្ឋអាមេរិក នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយបើតាម ក្រុមហ៊ុន Raytheon ប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) បានស្ទាក់ចាប់បំផ្លាញមីស៊ីលបាលិស្ទីគច្រើនជាង ១៥០គ្រាប់ នៅក្នុងសមរភូមិចាប់តាំងពីឆ្នាំ២០១៥មក៕