(ឡុងដ៍)៖ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា បណ្តាប្រទេសនានាគួរតែពិចារណាណែនាំអ្នកដំណើរពាក់ម៉ាស់ នៅលើជើងហោះហើរផ្លូវឆ្ងាយដើម្បីទប់ទល់នឹងប្រភេទ Omicron ចុងក្រោយបង្អស់នៃជំងឺកូវីដ១៩ ដែលបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។
មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅអឺរ៉ុប ទម្រង់បំប្លែងខ្លួនថ្មី XBB.1.5 ត្រូវបានរកឃើញក្នុងចំនួនតិចតួច ប៉ុន្តែកើនឡើងជាប្រចាំ។
មន្ត្រីសង្គ្រោះបន្ទាន់ជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអឺរ៉ុប លោកស្រី Catherine Smallwood បាននិយាយថា អ្នកដំណើរគួរតែត្រូវបានគេណែនាំឲ្យពាក់ម៉ាស់ នៅក្នុងកន្លែងដែលមានហានិភ័យខ្ពស់ ដូចជាការហោះហើរផ្លូវឆ្ងាយជាដើម ដោយបន្ថែមថា «នេះគួរតែជាការណែនាំដែលចេញដល់ អ្នកដំណើរដែលមកដល់គ្រប់ទីកន្លែងដែលមានជំងឺកូវីដ -១៩»។
មន្ត្រីសុខាភិបាលអាមេរិករូបនេះបាននិយាយថា ទម្រង់ XBB.1.5 ជាប្រភេទរងរបស់ Omicron ដែលអាចឆ្លងបានច្រើនបំផុតដោយត្រូវបានរកឃើញរហូតមកដល់ពេលនេះ មានចំនួន ២៧.៦ភាគរយនៃករណីកូវីដ១៩នៅសហរដ្ឋអាមេរិក។
វានៅតែមិនច្បាស់ថាតើ ទម្រង់បំប្លែងខ្លួន XBB.1.5 នឹងបង្កឱ្យមានរលកនៃការឆ្លងរបស់វានៅជុំវិញពិភពលោកដែរឬទេ។ អ្នកជំនាញនិយាយថា វ៉ាក់សាំងបច្ចុប្បន្ននៅតែអាចការពារពីរោគសញ្ញាធ្ងន់ធ្ងរ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់។
លោកស្រី Smallwood បានលើកឡើងទៀតថា «បណ្តាប្រទេសនានាត្រូវពិនិត្យមើលមូលដ្ឋានភស្តុតាង សម្រាប់ការធ្វើតេស្តមុនពេលចេញដំណើរ» ដោយបន្ថែមថា វាជារឿងសំខាន់ដែលមិនត្រូវផ្តោតទាំងស្រុង លើតំបន់ភូមិសាស្ត្រជាក់លាក់ណាមួយឡើយ៕