(ប៉េកាំង)៖ សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការប្តេជ្ញាចិត្ត ដោយមិនឱ្យកម្លាំងពីខាងក្រៅណាមក បំបែកកោះតៃវ៉ាន់ចេញពីសាធារណរដ្ឋប្រជាមានិតចិនបានឡើយ។ ការប្តេជ្ញាចិត្តនេះ បានធ្វើ ក្នុងខែមករាឆ្នាំ២០២៣នេះ ខណៈការលើកទឹកចិត្តពីបរទេសនានាដើម្បីជំរុញការចង់ផ្តាច់កោះ តៃវ៉ាន់ជាប្រទេសឯករាជ្យបានធ្វើជាបន្តថែមទៀត។ ប្រទេសចិនបានធ្វើសមយុទ្ធ ក្នុងតំបន់នៅ ក្បែរនិងជុំវិញកោះតៃវ៉ាន់ក្នុងឆ្នាំ២០២៣ ដែលជាសមយុទ្ធបង្ហាញការប្តេជ្ញាចិត្តដាច់ខាតរបស់ រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងកិច្ចការពារដែនអធិបតេយ្យជាតិរបស់ខ្លួន។ ការធ្វើសមយុទ្ធដើមឆ្នាំ ២០២៣នេះ បានទន្ទឹមនឹងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាអាល្លឺម៉ង់លើកដំបូងមក កាន់កោះតៃវ៉ាន់ថែមទៀត។
ប្រទេសចិនបានថ្លែងថា គេបានធ្វើសមយុទ្ធយោធានៅព័ទ្ធជុំវិញកោះតៃវ៉ាន់ដែលសមយុទ្ធនោះ បានផ្តោតលើការវាយប្រហារតាមផ្លូវទឹកនិងលើគោក។ សមយុទ្ធក្នុងខែមករាដើមឆ្នាំ ២០២៣ នេះ គឺជាសមយុទ្ធលើកទី២ហើយក្នុងរយៈពេលមិន ដល់មួយខែនោះឡើយ។
បញ្ជាការដ្ឋានទិសខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានថ្លែង តាមសេចក្តីថ្លែងការណ៍ មួយបញ្ជាក់កាលពីយប់ថ្ងៃ អាទិត្យទី៨មករាថា កងកម្លាំងបញ្ជាការដ្ឋានទិសខាងកើត បាន រៀបចំល្បាតត្រៀមប្រយុទ្ធរួមគ្នាមួយ និងការហ្វឹកហ្វឺនប្រយុទ្ធដោយពិតប្រាកដនៅលើដែន សមុទ្ទ និងលើដែនអាកាសព័ទ្ធជុំវិញកោះតៃវ៉ាន់។
គួរបញ្ជាក់ថា កោះតៃវ៉ាន់ដែលមានទំហំ៣ម៉ឺន៦ពាន់១៩៧គីឡូ ម៉ែត្រក្រឡានិងតូចជាងទឹកដីកម្ពុជាជាង ៥ដងនោះ ត្រូវប្រទេសចិនបានចាត់ទុកជាផ្នែកមួយនៃទឹកដីនៃរបស់ខ្លួន។ ការបង្ហាញរូបភាព ចង់ផ្តាច់ខ្លួនរបស់តៃវ៉ាន់ចេញពីការគ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិតចិន បានលេចរូប រាងកាន់តែច្បាស់ តាមរយៈដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី រយៈពេល១៨ម៉ោងលើកោះតៃវ៉ាន់ក្នុងអម្លុងខែសីហាឆ្នាំ២០២២។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអះអាងគាំទ្រគោលនយោបាយចិនតែមួយ ប៉ុន្តែបានថ្លែងព្រលយពាក្យថា សហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធា ប្រសិនណាបើ សាធារណរដ្ឋប្រជាមានិតចិន ហ៊ានប្រើកម្លាំងគាបសង្កត់តៃវ៉ាន់ក្នុងការបង្រួបបង្រួមជាតិ។
កោះតៃវ៉ាន់ ក្នុងពេលបច្ចប្បន្ន នេះនៅមិនទាន់មានកម្លាំងរឹងប៉ឹងមាំមួនក្នុងវិស័យការពារជាតិ អាចទប់ទល់នឹងកងកម្លាំងប្រ ដាប់អាវុធប្រជាជនចិនបានឡើយទេ។ ប៉ុន្តែសហរដ្ឋអាមេរិកត្រូវគេឃើញថា បាននិងកំពុងជំរុញ កោះតៃវ៉ាន់លើសមត្ថភាពយោធាខណៈដែលមានការបារម្ភថា សាធារណរដ្ឋប្រជាមានិតចិន នឹងអាចប្រើប្រាស់កម្លាំងដើម្បីបង្ខំកោះតៃវ៉ាន់ ក្នុងអំពើបង្រួបបង្រួមជាតិក្នុងពេលណាមួយខាងមុខនេះ។ កងកម្លាំងរំដោះប្រជាជនចិន តែងធ្វើសមយុទ្ធមិនសូវលោះពេលឡើយក្រោយការ បង្ហាញចេតនារបស់សហរដ្ឋអាមេរិកដែលកំពុងលើកទឹកចិត្តចិនតៃវ៉ាន់ដែលចង់ធ្វើការផ្តាច់ខ្លួនចេញពីសាធារណរដ្ឋប្រជាមានិតចិន។
ការវាយតម្លៃរបស់សហរដ្ឋអាមេរិកបានថ្លែងថា ប្រទេសចិននឹងមិនទាន់ហ៊ានប្រើកម្លាំងប្រ ឈមមុខនឹងសហរដ្ឋអាមេរិកនៅឡើយទេ បើទោះបីក្នុងស្ថានភាពដែលកំពុងប្រឈមនឹងភាព តានតឹងបញ្ហាកោះតៃវ៉ាន់ក៏ដោយ។ អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Colin Kahl បានថ្លែងវាយតម្លៃថា ចិននឹងអាចធ្វើការវាយយកកោះតៃវ៉ាន់រហូតដល់ឆ្នាំ២០២៤។ ប៉ុន្តែឧត្តម នាវីជើងទឹកអាមេរិកលោក Philip Davidson ដែលជាអតីតប្រធានបញ្ជាការដ្ឋានអាមេរិកប្រចាំ ឥណ្ឌូប៉ាស៊ីហ្វិកបានវាយតម្លៃថា រហូតដល់ឆ្នាំ ២០២៦ ដែលរហូតដល់ឆ្នាំនោះ ទើបសមត្ថ ភាពរបស់កងទ័ពចិនអាចប្រៀបផ្ទឹមនឹងសមត្ថភាពរបស់កងកម្លាំង អាមេរិកក្នុងតំបន់ឥណ្ឌូប៉ា ស៊ីហ្វិក។ ហេតុដូច្នេះហើយ ដើម្បីការវាស់ស្ទង់សមត្ថភាពផង និងដើម្បីរារាំងកម្លាំងសត្រូវពី ខាងក្នុងនិងខាងក្រៅផង កងកម្លាំងរំដោះប្រជាជនចិន ត្រូវគេឃើញតែបានអនុវត្តការធ្វើសម យុទ្ធខ្ជាប់ខ្ជួននិងជាប្រចាំ។
សមយុទ្ធយោធាចុងក្រោយមួយរបស់កងកម្លាំងរំដោះប្រជាជនចិនព័ទ្ធ ជុំវិញកោះតៃវ៉ាន់បាន ធ្វើនាសប្តាហ៍ទី៤ខែធ្នូចុងឆ្នាំ២០២២។ សមយុទ្ធបានទន្ទឹមនឹងសហរដ្ឋអា មេរិកនៅក្នុងច្បាប់ ការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២៣ បានបង្កើនជំនួយយោធា ដល់កោះតៃវ៉ាន់ដែល ជាការជំរុញសមត្ថភាពយោធាចិនតៃវ៉ាន់និងការលើកទឹកចិត្តតៃវ៉ាន់ធ្វើការផ្តាច់ខ្លួនចេញពីចិន ដីគោក។ សមយុទ្ធនាពេលនោះ មានយន្តហោះចម្បាំងចូលរួមតែប្រមាណ៤៣គ្រឿងទេ…ប៉ុន្តែ សមយុទ្ធនៅថ្ងៃទី៨មករាឆ្នាំ២០២៣ គឺជាសមយុទ្ធដែលមានយន្តហោះចម្បាំងចូលរួម ចំនួន ៥៧គ្រឿង។
មន្ត្រីនាំពាក្យយោធាចិននៃបញ្ជាការដ្ឋានទិសខាងកើតវរសេនីយ៍ឯក លោក Shi Yiបានថ្លែងថា គោល បំណងនៃការធ្វើសមយុទ្ធនេះគឺការធ្វើតេស្តលើសមត្ថភាពប្រយុទ្ធរួមគ្នា និងការប្រឆាំងដាច់ ខាតសកម្មភាពបង្កហេតុរបស់កម្លាំងមកពីខាងក្រៅ និងក្រុមផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់។
ក្រសួងការពារជាតិតៃវ៉ាន់បានថ្លែងបញ្ជាក់កាលពីថ្ងៃច័ន្ទថា គេបានឃើញយន្តហោះចម្បាំងចិនចំនួន៥៧គ្រឿងនិងនាវា៤គ្រឿងថែមទៀតដែល ធ្វើប្រតិបត្តិការនៅព័ទ្ធជុំវិញ កោះក្នុងរយៈ ពេល២៤ម៉ោង។ ការិយាល័យប្រធានាធិបតីតៃវ៉ាន់បានថ្កោលទោសការធ្វើសមយុទ្ធយោធារបស់ប្រទេសចិន។
ក្នុងចំណោមយន្តហោះធ្វើប្រតិបត្តិការយោធាសារុប៥៧គ្រឿងនោះ តៃវ៉ាន់បានកត់សម្គាល់ ថា មានយន្តហោះ២៨គ្រឿងដែលបានបើកចូលក្នុងតំបន់អត្តសញ្ញាណការពារអាកាសរបស់តៃ វ៉ាន់នាភាគនីរតីប្រទេស។ ក្រសួងការពារជាតិតៃវ៉ាន់ថ្លែងថា យន្តហោះខ្លះបានហោះបំពានដែន ខ្សែបន្ទាត់មេដ្យានដែលតៃវ៉ាន់ចាត់ថា ជាខ្សែកណ្តាលខណ្ឌដាច់រវាងចិនដីគោកនិងចិនតៃវ៉ាន់ ។ ក្រសួងការពារជាតិតៃវ៉ាន់រាយការណ៍ថា យន្តហោះ២គ្រឿននៃប្រភេទទម្លាក់គ្រាប់បែក H-6 របស់ចិន ដែលអាចសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែ័របានហោះចួលមកភាគខាងត្បូងកោះតៃវ៉ាន់ ថែមទៀត។
ការធ្វើសមយុទ្ធយោធាថ្ងៃទី៨មករាឆ្នាំ២០២៣ គឺនៅចំពេលដែលមានក្រុមសមាជិកសភាអា ល្លឺម៉ង់ធ្វើដំណើរទស្សនកិច្ចតៃវ៉ាន់ ដែលជាដំណើរទស្សនកិច្ចមួយនៅមុនដំណើរទស្សន កិច្ច ថ្នាក់រដ្ឋមន្ត្រីអាល្លឺម៉ង់ក្នុងឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចរបស់មន្ត្រីអាល្លឺម៉ង់ត្រូវរដ្ឋាភិបាល ក្រុងប៉េកាំងបានចាត់ទុកជាអំពើបំពាននឹងគោលនយោបាយចិនតែមួយ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកវ៉ាងវិនប៊ិនបានថ្លែងថាលើពិភពលោកនេះ គឺមាន គោលនយោបាយចិនតែមួយគត់ ចំណែកតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ចិនដែលមិនអាច កាត់ផ្តាច់បានឡើយ។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបានប្រតិកម្មប្រាប់រដ្ឋាភិបាលអាល្លឺម៉ង់ វិញថា «យើងជំរុញ ឱ្យអ្នកនយោបាយអាល្លឺម៉ង់ត្រូវគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ ហើយត្រូវ បញ្ឈប់ជាបន្ទាន់នូវការឃុបឃិត និងការធ្វើអន្តរកម្មជាមួយតៃវ៉ាន់ឬបញ្ជូនសញ្ញាខុសទៅឱ្យ កម្លាំងបំបែកខ្លួនចង់ធ្វើឯករាជ្យតៃវ៉ាន់នោះ។ លោក វ៉ាង វិនប៊ិន បានថ្លែងថា ចិននឹងចាត់វិធាន ការចាំបាច់ដើម្បីការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិនយ៉ាងដាច់ខាត។
មន្ត្រីនាំពាក្យក្រសួងការបរទេសចិនដដែលបាននិយាយបន្ថែមថា មូលហេតុដែលបង្ករឿងតៃ វ់ាន់គឺដោយសារតែករណីច្បាប់ព្រៃ កត្តាអនុត្តរភាពនិយម អាណានិគមនិយមនិងសម្ភារៈនិ យមដែលបង្កការបំផ្លិចបំផ្លាញទូទាំងពិភពលោក តាំងពីមុនដែលបានធ្វើឱ្យប្រទេសចិនរងទុក្ខ យ៉ាងជ្រាលជ្រៅ។
លោកបានបន្តថា ប្រមាណជាងមួយសតវត្សកន្លះរួចមកហើយ ប្រជាជនចិន បានប្តេជ្ញាប្រយុទ្ធប្រឆាំងចក្រពត្តិនិយម ប្រឆាំងអនុត្តរភាពនិយមនិងអាណានិគមនិយម និង បានលើកជ្រោងអធិបតេយ្យភាពជាតិចិននិងកិត្តិយសជាតិចិន។ មន្ត្រីនាំពាក្យចិនដដែលបានបញ្ជាក់ចុងក្រោយថា ចិននឹងមិនអនុញ្ញាតឱ្យកងកម្លាំងណាមួយ មកប្រែក្លាយតំបន់អាស៊ីប៉ាស៊ីហ្វិកជាវេទិកា នៃល្បែងភូមិសាស្ត្រនយោបាយដើម្បីការត្រួតត្រា របស់ពួកគេដូចពីមុនទៀតនោះទេ៕