Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តៃវ៉ាន់អំពាវនាវដល់អាល្លឺម៉ង់ ឲ្យជួយរក្សាសណ្តាប់ធ្នាប់ក្នុងតំបន់ (Video inside)

10-01-2023 16:35

(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីវិន (Tsai Ing-wen) នៅថ្ងៃអង្គារនេះបានអំពាវនាវឲ្យប្រទេសអាល្លឺម៉ង់ជួយរក្សា «សណ្តាប់ធ្នាប់ក្នុងតំបន់» អំឡុងពេលកិច្ចប្រជុំជាមួយសមាជិកសភាជាន់ខ្ពស់អាល្លឺម៉ង់ ដែលកំពុងស្ថិតនៅក្នុងទីក្រុងតៃប៉ិ ក្នុងដំណើរទស្សនកិច្ចដែលធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។

ក្នុងជំនួបជាមួយ លោកស្រី ម៉ារី អាកណេស ស្រ្តេក ហ្ស៉ីមឺមែន (Marie Agnes Strack-Zimmermann) ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុកកិច្ចការការពារជាតិនៃ​សភា​​អាល្លឺម៉ង់ លោកស្រី សៃ បានគូសបញ្ជាក់ថា «នៅចំពោះមុខការពង្រីកអំណាចផ្តាច់ការ នោះលទ្ធិប្រជាធិបតេយ្យគឺត្រូវតែឈរជាមួយគ្នា។ ចាប់ពីឆ្នាំក្រោយទៅ រយៈពេលនៃការបំពេញកាតព្វកិច្ចយោធារបស់តៃវ៉ាន់ នឹងកើនដល់មួយឆ្នាំ ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់យើង និងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារមាតុភូមិ និងការពារលទ្ធិប្រជាធិបតេយ្យ»។ លោកស្រី សៃ បានបន្ថែមថា «តៃវ៉ាន់ទន្ទឹងរង់ចាំ ចំពោះអាល្លឺម៉ង់ និងដៃគូប្រជាធិបតេយ្យផ្សេងទៀត ក្នុងការរួមគ្នារក្សាសណ្តាប់ធ្នាប់ និងវិបុលភាពក្នុងតំបន់»

លោកស្រី ហ្ស៉ីមឺមែន បានប្រាប់លោកស្រី សៃ ថា អាល្លឺម៉ង់និងតៃវ៉ាន់ គឺជាមិត្តនឹងគ្នា។ លោកស្រី ហ្ស៉ីមឺមែន បានកត់សម្គាល់ថា «ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាការដាស់តឿនដល់ពិភពលោកទាំងមូល។ នោះហើយជាមូលហេតុដែល យើងមកទីនេះ ដើម្បីបង្ហាញទៅកាន់ពិភពលោកថា យើងឈរជាមួយគ្នាក្នុងនាមជារដ្ឋប្រជាធិបតេយ្យ»

គួរបញ្ជាក់ថា ខណៈដែលអាល្លឺម៉ង់ ក៏ដូចជាប្រទេសដទៃទៀត គឺមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែទីក្រុងបែរឡាំង កំពុងធ្វើការលើយុទ្ធសាស្ត្រថ្មីមួយ ដែលសម្លឹងមើលឡើងវិញលើទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន ក្រោមគោលដៅកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើមហាអំណាចសេដ្ឋកិច្ចរបស់អាស៊ីមួយនេះ៕