(មូស្គូ)៖ ក្រុមហ៊ុននាំមុខផ្នែកផលិតមីស៉ីលរបស់ប្រទេសរុស្ស៉ី អាល់ម៉ាស-អាន់ទៃ (Almaz-Antey) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសថា អ្នកវិទ្យាសាស្រ្តកំពូលផ្នែកយោធារបស់រុស្ស៉ី លោក ប៉ាវែល កាំណេវ (Pavel Kamnev) ទើបតែទទួលមរណភាព ក្នុងវ័យ៨៦ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន RT នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។

កើតនៅឆ្នាំ១៩៣៧ ក្នុងទីក្រុងម៉ាកាច់កាឡា (Makhachkala) ជាប់សមុទ្រកាស្ពៀន លោក កាំណេវ បានធ្វើការងារនៅក្នុងវិស័យ​ឧស្សាហកម្មយន្តហោះរបស់រុស្ស៉ី ចាប់តាំងតែពីទសវត្សរ៍ឆ្នាំ១៩៦០មក។ ក្រោយការដួលរលំនៃសហភាពសូវៀត លោក កាំណេវ បានក្លាយជាប្រធានក្រុមហ៊ុនរដ្ឋ នូវេទ័រ (Novator) ជាទីដែលលោកទទួលភារកិច្ចដឹកនាំ ការបង្កើតមីស៉ីលថ្មីៗសម្រាប់យោធារុស្ស៉ី។

ទោះមានវ័យចំណាស់ក៏ដោយ លោក កាំណេវ នៅតែបន្តធ្វើការក្នុងវិស័យឧស្សាហកម្មអភិវិឌ្ឍមីស៉ីល ដោយកាន់តួនាទីជាប្រធាន​ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Novator ព្រមទាំងជាប្រមុខអ្នកវិទ្យាសាស្រ្តរបស់ក្រុមហ៊ុន Almaz-Antey ដែលជាក្រុមហ៊ុនធំរបស់ Novator គិតត្រឹមពេលលោកទទួលមរណភាព។

គួរបញ្ជាក់ថា ស្នាដៃលេចធ្លោជាងគេបំផុតមួយរបស់លោក កាំណេវ គឺមីស៉ីលគ្រូសរយៈចម្ងាយឆ្ងាយ ឈ្មោះថា កាលីបឺ (Kalibr)។ វាជាប្រភេទមីស៉ីលដែលមានសមត្ថភាព វាយប្រហារចំគោលដៅក្នុងកម្រិតខ្ពស់ ហើយបំពាក់នៅតាមនាវាចម្បាំងនិងនាវាមុជទឹក ព្រមទាំងយន្តហោះរយៈចម្ងាយឆ្ងាយរបស់រុស្ស៉ី។ ការប្រើប្រាស់មីស៉ីល Kalibr ត្រូវបានគេមើលឃើញ នៅក្នុងយុទ្ធនាការប្រឆាំង​ភេរវកម្មរបស់រុស្ស៉ីនៅប្រទេសស៉ីរី ក៏ដូចជាក្នុងសង្រ្គាមដែលកំពុងបន្តអូសបន្លាយនៅអ៊ុយក្រែន៕