(ឡុងដ៍)៖ ក្រុមហ៊ុន វើជីន អូប៊ីត (Virgin Orbit) ដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា នៅថ្ងៃអង្គារនេះ ការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបមួយគ្រឿងឡើងទៅទីអវកាស ចេញពីចក្រភពអង់គ្លេសបានទទួលបរាជ័យ ដោយសារបញ្ហាខុសប្រក្រតី បានរារាំងមិនឱ្យគ្រាប់រ៉ុក្កែតហោះឡើងដល់គន្លងអវកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។
បេសកកម្មខាងលើ ដែលជាបេសកកម្មអវកាសដំបូងបំផុតរបស់ចក្រភពអង់គ្លេស ត្រូវបានធ្វើឡើងចេញពីក្រុងញូខេ (Newquay) ជាប់មាត់សមុទ្រ នៅភាគនិរតីនៃប្រទេសអង់គ្លេស។ ដោយផ្ទុយពីការបាញ់បង្ហោះផ្កាយរណបទូទៅ ក្នុងបេសកកម្មរបស់ក្រុមហ៊ុន Virgin Orbit គឺរ៉ុក្កែត ឡាញ់ឆើវ័ន (LauncherOne) ត្រូវបានបំពាក់នៅក្រោមស្លាបរបស់យន្តហោះ Boeing 747 មួយគ្រឿងដែលត្រូវបានកែច្នៃ ហើយក្រោយមកគ្រាប់រ៉ុក្កែត LauncherOne ក៏ត្រូវបានផ្តាច់ចេញពីយន្តហោះ Boeing ដើម្បីឱ្យវាហោះដោយខ្លួនឯងនៅលើមហាសមុទ្រអាត្លង់ទិច ឡើងឆ្ពោះទៅទីអវកាស។
ភាពបរាជ័យនេះបានដាក់បន្ទុកមួយកម្រិតទៀតចំពោះមហិច្ឆតាផ្នែកអវកាសរបស់អឺរ៉ុប បន្ទាប់ពីបេសកកម្មមួយរបស់រ៉ុក្កែត វេហ្កា-ស៉ី (Vega-C) ដែលផលិតដោយអ៉ីតាលី បានបញ្ចប់ទៅជាមួយភាពបរាជ័យដូចគ្នា កាលពីចុងឆ្នាំមុន។ មួយឆ្នាំចុងក្រោយនេះ អឺរ៉ុបបានជួបឧបសគ្គជាបន្តបន្ទាប់ ដោយផែនការធ្វើតេស្តបាញ់បង្ហោះគ្រាប់រ៉ុក្កែតដ៏សំខាន់របស់ខ្លួនគឺ Ariane-6 ត្រូវបានពន្យារពេល, ការប្រើប្រាស់រ៉ុក្កែត Soyuz របស់រុស្ស៉ី ត្រូវបានរាំងខ្ទប់ដោយសារវិបត្តិសង្រ្គាមអ៊ុយក្រែន ហើយរ៉ុក្កែត Vega ត្រូវបានដាក់ឱ្យបញ្ឈរជើង។
គួរបញ្ជាក់ថា Virgin Orbit ដែលមានមហាសេដ្ឋីអង់គ្លេស លោក រីឆាដ ប្រេនសុន (Richard Branson) ជាសហម្ចាស់កម្មសិទ្ធិនោះ បានគ្រោងដាក់ពង្រាយផ្កាយរណបខ្នាតតូចចំនួន៩គ្រឿង ទៅកាន់គន្លងអវកាសកម្រិតទាបរបស់ផែនដី ហៅថា LEO ក្នុងបេសកកម្មដំបូងរបស់ខ្លួន នៅក្រៅសហរដ្ឋអាមេរិក។ បេសកកម្មខាងលើ ត្រូវបានរំពឹងទុកថា ជាបេសកកម្មប្រវត្តិសាស្រ្តដំបូងមួយសម្រាប់អង់គ្លេសនិងតំបន់អឺរ៉ុបទាំងមូល។ វាគឺជាបរាជ័យលើកទី២ សម្រាប់ក្រុមហ៊ុន Virgin Orbit គិតចាប់ពីការហោះហើរលើកដំបូង នៃរ៉ុក្កែត LauncherOne កាលពីឆ្នាំ២០២០ ខណៈមកទល់បច្ចុប្បន្ន ក្រុមហ៊ុននេះ សម្រេចបានបេសកកម្មចំនួន៤ ដែលទទួលជោគជ័យ៕