(កៀវ)៖ ក្រោយការឈប់បាញ់គ្នារយៈ៣៦ម៉ោង សង្គ្រាមក្នុងទឹកដីអ៊ុយក្រែបានបន្ត។ រុស្ស៊ីបានអះអាង ការបាញ់មីស៊ីលសម្លាប់ទាហានអ៊ុយក្រែនចំនួន៦០០នាក់ នៅក្នុងក្រុង Kramatorsk នៃខេត្តដូណេតស៍ ប៉ុន្តែអ៊ុយក្រែនថ្លែងថាការវាយប្រហាររបស់រុស្ស៊ី គ្រាន់តែធ្វើឱ្យខូចខាតដល់កន្លែងធ្លាប់ស្នាក់នៅរបស់ទាហានអ៊ុយក្រែនតែប៉ុណ្ណោះ ដោយមិនមានមនុស្សបាត់បង់ជីវិតឡើយ។ លោក ហ្សេឡិនស្គី បានថ្កោលទោសរុស្ស៊ី ជុំវិញការមិនគោរពតាមសម្តីដែលនិយាយអំពីការឈប់បាញ់គ្នា ដើម្បីបុណ្យព្រះវិហារ Christmas Orthodox ថ្ងៃទី៦ និង៧មករា ដោយចោទថារុស្ស៊ីបានបន្តការបាញ់ផ្លោងដាក់លើបណ្តាក្រុងរបស់អ៊ុយក្រែនជាដដែល។

អ៊ុយក្រែននិយាយថា មានមនុស្ស២នាក់បានស្លាប់ និង១៣នាក់បានរងរបួស ក្នុងអម្លុងពេលវាយប្រហារដាក់មកលើក្រុងភាគខាងកើតរបស់អ៊ុយក្រែននោះ។ អភិបាលខេត្តដូណេតស៍របស់អ៊ុយក្រែនគឺ លោក Pavlo Kyrylenko បានថ្លែងថា មនុស្សម្នាក់បានស្លាប់និង៨នាក់ទៀតបានរងរបួស ក្នុងអំពើវាយប្រហារដាក់លើក្រុង Bakmut ។ លោកបាន បន្តថារុស្ស៊ីថែមទាំងបានបាញ់ផ្លោងដាក់លើក្រុង Kramatorsk និងក្រុង Konstantynivka ក្នុងខេត្តដូណេតស៍ថែមទៀត។ ខេត្តដូណេតស៍ គឺជាខេត្តដែលកំពុងរងនឹងការវាយប្រហារដ៏ខ្លាំងក្លានាពេលនេះ។ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដាក់លើក្រុង Kramatorsk នោះ រុស្ស៊ីបានអះអាងការសម្លាប់ទាហានអ៊ុយក្រែនដល់ច្រើនចំនួន៦០០នាក់ថែមទៀត ដែលរុស្ស៊ីចាត់ទុកថាការវាយប្រហារថ្ងៃមុនបុណ្យគ្រីស្មាសនៃព្រះវិហារ Orthodox មួយថ្ងៃនោះគឺជាការវាយប្រហារសងសឹក។

គួរបញ្ជាក់ថាក្នុងដំណាច់ឆ្នាំបុណ្យសកលឈានចូលថ្ងៃទី១មករា អ៊ុយក្រែន បានបាញ់អាវុធ HIMARS អាមេរិកជាច្រើនគ្រាប់ដាក់លើអគារមួយ ដែលមានទាហានរុស្ស៊ីជួបជុំប្រារព្ធបុណ្យដំណាច់ឆ្នាំសកល ក្នុងក្រុងម៉ាគីវកា នៃខេត្តដូណេតស៍។ អ៊ុយក្រែន អះអាងថាអាវុធ HIMARS បានសម្លាប់ទាហានរុស្ស៊ី៤០០នាក់ ប៉ុន្តែរុស្ស៊ីបានតបមកវិញថាមានទាហានរបស់ខ្លួនស្លាប់តែចំនួន៨៩នាក់នោះទេ។ ក្នុងការវាយប្រហារសងសឹកមកវិញ គឺនៅថ្ងៃបុណ្យគ្រីស្មាស EVE នៃព្រះវិហារ Orthodox ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថាមីស៊ីលរបស់រុស្ស៊ី បានធ្វើការបាញ់ដាក់លើកន្លែងប្រមូលផ្តុំចំនួន២កន្លែង របស់ទាហានអ៊ុយក្រែនចំនួន១,៣០០នាក់ នៅក្នុងក្រុង Kramatorsk ។ ក្នុងការវាយប្រហារសងសឹកនេះ រុស្ស៊ីអះអាងការសម្លាប់ទាហានអ៊ុយក្រែនចំនួន៦០០នាក់វិញ។ ប៉ុន្តែការអះអាងរបស់រុស្ស៊ី ដែលថាបានវាយប្រហារដាក់លើកន្លែងប្រមូលផ្តុំទាហានអ៊ុយ ក្រែន២កន្លែងវិញក្នុងក្រុង Kramatorsk និងថាសម្លាប់ទាហានអ៊ុយក្រែនចំនួន៦០០នាក់នោះ ត្រូវបានមន្ត្រីអ៊ុយក្រែនបដិសេធថាមិនមែនជាការពិតឡើយ។

អភិបាលក្រុង Kramatorsk លោក Oleksandr Honcharenko ដែលស្ថិតនៅក្បែរសមរភូមិ Bakhmut បាននិយាយថា មិនមានមនុស្សស្លាប់ដោយសារការវាយប្រហាររបស់រុស្ស៊ី កាលពីចុងសប្តាហ៍នោះទេ។ អភិបាលក្រុងរូបនោះ បាននិយាយថាការវាយប្រហាររបស់រុស្ស៊ីដាក់លើកន្លែង ដែលធ្លាប់មានទាហានអ៊ុយក្រែនរស់នៅពីមុននោះ បានធ្វើឱ្យខូចខាតលើអគារទាំង២ដែលមានបន្ទប់ Apartments ចំនួន៨តែប៉ុណ្ណោះ ប៉ុន្តែមិនមានមនុស្សបានបាត់បង់ជីវិតនោះទេ។ ទីភ្នាក់ងាររ៉យទ័រ បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី៨មករាថា មានអគារខ្លះបានរងការខូចខាត ដោយគ្រាប់ផ្លោងរបស់រុស្ស៊ីនោះមែន ប៉ុន្តែមិនមានការបំផ្លិចបំផ្លាញខ្លាំង ហើយក៏មិនមានសញ្ញាច្បាស់លាស់នៃអំពើបាញ់ប្រហាររបស់រុស្ស៊ីនោះ ធ្វើឱ្យមានស្លាប់មនុស្សនោះឡើយ ។

ក្រុមសារព័ត៌មានបានរាយការណ៍ថា គេបានចុះទៅដល់ទីនោះនិងមិនឃើញមានស្នាកស្នាមឈាមឬសញ្ញា ដែលថាមានការប៉ះទង្គិចរងគ្រោះមានមនុស្សស្លាប់ឡើយ។ នៅទន្ទឹមនឹងនេះដែរ មេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅយប់ថ្ងៃអាទិត្យ ទី៨មករាថា កងកម្លាំងអ៊ុយក្រែនបានបន្តវាយលុកឥតឈប់ឈរដាក់លើ Bakhmut ក្នុងតំបន់ Donbas ភាគខាងកើត និងបានចូលកាន់កាប់ក្នុងទីតាំងរបស់សត្រូវដែលស្ថិតនៅក្បែរក្រុងដ៏តូចមួយឈ្មោះ Soledar ក្នុងស្ថានភាពដ៏ស្វិតស្វាញ។ លោក ហ្សេឡិនស្គី បានថ្លែងនាយប់ថ្ងៃអាទិត្យដដែលនោះទៀតថា សង្គ្រាមក្នុង Bakhmut កំពុងតែបន្តបើទោះបីជាយ៉ាងណាក៏ដោយ។ លោកថា ទោះបីជាភាគច្រើនក្នុងទីក្រុងត្រូវបាន បំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ីនោះមែនក៏ដោយ ប៉ុន្តែទាហានអ៊ុយក្រែននៅតែបន្ត វាយទប់ទល់ការព្យាយាមរុលមកខាងមុខរបស់ទ័ពរុស្ស៊ី។

នាពេលនេះ ក្រោយការប្រកាសផ្អាកបាញ់៣៦ម៉ោងបានបញ្ចប់សង្គ្រាមអ៊ុយក្រែន នាភាគខាងកើតប្រទេសបានបន្តជាដដែល។ តំបន់ Kharkiv នាភាគឥសានប្រទេស ត្រូវបានរុស្ស៊ីធ្វើការបាញ់ប្រហារដែលអភិបាលខេត្តនៅទីនោះបាននិយាយថា មានមនុស្សអាយុ៥០ឆ្នាំម្នាក់បានស្លាប់ និងមានសេចក្តីរាយការណ៍ជុំវិញស្នូរផ្ទុះ ដែលកើតឡើងក្នុងតំបន់ហ្សាប៉ូរីហ្សៀ។ ក្នុងតំបន់ដូណេតស៍ដែលរុស្ស៊ីបានគ្រប់គ្រងនោះវិញ មានសេចក្តីរាយការណ៍អំពីការបាញ់ផ្លោងរបស់អ៊ុយក្រែន បានធ្វើឱ្យខូចដល់មជ្ឈមណ្ឌលផ្តល់ថាមពលកម្តៅចំនួន២កន្លែងវិញផងដែរ។

មន្ត្រីអ៊ុយក្រែនបានស្ងាត់មិនមានប្រតិកម្មតបចំពោះការវាយប្រហារដាក់លើមជ្ឈមណ្ឌល អគ្គីសនី២កន្លែងក្នុងទឹកដីដែលរុស្ស៊ីបានគ្រប់គ្រងនោះឡើយ។ ខណៈការវាយប្រហារនៅតែបន្ត ភាគីទាំង២បានឆ្លៀតការផ្លាស់ប្តូរឈ្លើយសង្គ្រាមរវាងគ្នាថែមទៀត។ កាលពីថ្ងៃទី៨មករា ឆ្នាំ២០២៣ រុស្ស៊ីនិងអ៊ុយក្រែនបានធ្វើការផ្លាស់ប្តូរគ្នារវាងអ្នកទោសទៅវិញទៅមក។ ស៊ីអិនអិនបានរាយការណ៍ថា រុស្ស៊ីបានប្រគល់អ្នកទោសអ៊ុយក្រែន ចំនួន៥០នាក់ ចំណែកអ៊ុយក្រែនបានប្រគល់អ្នកទោសដល់រុស្ស៊ីចំនួន៥០នាក់វិញ ដោយអ្នកទោសទាំងនោះបានវិលត្រឡប់ទៅកាន់គេហស្ថានរៀងៗខ្លួនវិញ។

នៅជាមួយនឹងសង្គ្រាមបានបន្តនេះ នៅខាងក្រៅប្រទេសនោះវិញ ប្រទេសអង់គ្លេសនិងប្រទេសហូឡង់បានប្រកាសថា ប្រទេសទាំង២នឹងធ្វើជាម្ចាស់ផ្ទះនៃការជួបជុំគ្នាជាអន្តរជាតិមួយ ក្នុងក្រុងឡុងដ្រ៍ប្រទេសអង់គ្លេស ពិនិត្យលើឧក្រិដ្ឋកម្មសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ សហគមន៍អន្តរជាតិបានបង្ហាញការព្យាយាមរកការបញ្ចប់សង្គ្រាមក្នុងឆ្នាំ២០២៣ និងនៅជាមួយការត្រៀមរៀបចំតុលាការអន្តរជាតិ ដើម្បីត្រៀមកាត់ទោសមេដឹកនាំរុស្ស៊ីដែលគេបានចោទពីបទឧក្រិដ្ឋកម្មសង្គ្រាម។ សេចក្តីរាយការណ៍ពីក្រៅប្រទេសដដែលបាននិយាយថា ចំណែកប្រទេសរុស្ស៊ីនិងប្រទេសបេឡារុសវិញ បានត្រៀមនឹងធ្វើសមយុទ្ធរួមគ្នាមួយដោយចាប់ផ្តើមពីថ្ងៃទី១៦មករាទៅ រហូតដល់ថ្ងៃទី១កុម្ភៈ ឆ្នាំ២០២៣។ ការត្រៀមធ្វើសមយុទ្ធរួមគ្នានេះ បាននាំឱ្យមានក្តីបារម្ភថារុស្ស៊ីអាចជំរុញឱ្យបេឡារុសលោតចូលក្នុងសមរភួមិ ជាមួយរុស្ស៊ីថែមទៀតក្នុងឆ្នាំ២០២៣នេះ។

ក្រសួងការពារជាតិបេឡារុស បានថ្លែងថា ក្រុមកងទ័ពអាកាសរបស់រុស្ស៊ីដែលនឹងត្រៀមធ្វើសមយុទ្ធ បានមកដល់ប្រទេសបេឡារុសនៅថ្ងៃទី៩ មករានេះហើយ។ ក្រសួងការពារជាតិបេឡារុស បានថ្លែងថា ក្នុងអម្លុងពេលសមយុទ្ធនោះ នឹងរួមមានកងកម្លាំងអាកាសនិងកងកម្លាំង ថ្មើរជើងហ្វឹកហ្វឺនរបស់បេឡារុសនឹងចូលរួមជាមួយគ្នា។ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៣១៩ហើយ គិតត្រឹមថ្ងៃច័ន្ទ ទី៩មករា ឆ្នាំ២០២៣។ សង្គ្រាមនេះកាន់លង់និងវីវក់ ដោយអ៊ុយក្រែននិងរុស្ស៊ីជាពលរដ្ឋនៃប្រភពតែមួយ កាន់តែលែងស្គាល់គ្នានូវភាពជាបងប្អូន។ ទាំងសងខាងសុទ្ធតែប្តេជ្ញាយកឈ្នះលើគ្នារៀងៗខ្លួន មិនព្រមចុះចាញ់ឡើយក្នុងឆ្នាំ២០២៣នេះ៕