(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទសប្តាហ៍នេះ បានអនុម័តជាឯកច្ឆន្ទក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនប្រមាណ ៤លាននាក់ នៅភាគពាយព្យនៃប្រទេសស៊ីរីសម្រាប់រយៈពេល៦ខែទៀត និងដើម្បីបញ្ចៀសការឈ្លោះប្រកែកជាមួយរុស្ស៊ីលើបញ្ហានេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។

ដំបូងឡើយ ក្រុមប្រឹក្សាសន្តិសុខបានអនុញ្ញាតឲ្យមានការផ្តល់ជំនួយ ដែលបានអនុម័តនៅក្នុងឆ្នាំ២០១៤ ទៅកាន់តំបន់កាន់កាប់ដោយក្រុមប្រឆាំងនៃប្រទេសស៊ីរី ពីចេញពីប្រទេសអ៊ីរ៉ាក់ ហ្ស៊កដានី និងតួកគី។ ប៉ុន្តែ​រុស្ស៊ី និង​ចិន​បាន​ជំទាស់ ដោយសម្រេចថាការផ្តល់ជំនួយអាចធ្វើឡើង​បានត្រឹមតែចេញពីតួកគីមួយ​ប៉ុណ្ណោះ។

ទោះបីជាមានភាពតានតឹងរបស់លោកខាងលិចចំពោះរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែនក្តី ក៏ក្រុមប្រឹក្សានេះបានចៀសវាងជម្លោះណាមួយលើការយល់ព្រមលើការផ្តល់ ជំនួយចេញពីប្រទេសតួកគី ទៅស៊ីរី។ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បានសង្កត់ធ្ងន់ថា ការបន្តប្រតិបត្តិការរយៈពេល១ឆ្នាំគឺចាំបាច់ណាស់ មុនពេលដែលក្រុមប្រឹក្សាសន្តិសុខបើកការពិចារណាលើបញ្ហានេះនៅក្នុងខែកក្កដាខាងមុខទៀត។

គួរបញ្ជាក់ថា ការអនុម័តពីក្រុមប្រឹក្សាដែលមានសមាជិកទាំង១៥ គឺត្រូវការជាចាំបាច់ ដោយសារតែអាជ្ញាធរស៊ីរីមិនយល់ព្រមឲ្យមានប្រតិបត្តិការមនុស្សធម៌ ដែលបាននិងកំពុងផ្តល់ជំនួយរួមទាំងអាហារ ថ្នាំពេទ្យ និងទីជម្រកដល់តំបន់ដែលគ្រប់គ្រងដោយក្រុមប្រឆាំងនៃប្រទេសស៊ីរី ចាប់តាំងពីឆ្នាំ២០១៤មក។ រុស្ស៊ីគឺ ជាអ្នកគាំទ្រ ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) ក្នុងសង្រ្គាមស៊ីវិលដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១១មក ដោយអះអាងថា ប្រតិបត្តិការផ្តល់ជំនួយនេះ រំលោភលើអធិបតេយ្យភាពរបស់ស៊ីរី។ បច្ចុប្បន្ន ការអនុម័តនៃប្រតិបត្តិការផ្ដល់ជំនួយរបស់ UN នឹងត្រូវអស់សុពលភាពនៅថ្ងៃអង្គារសប្ដាហ៍នេះ៕