(ប្រាស៊ីលីយ៉ា)៖ អតីតប្រធានាធិបតីស្ដាំនិយមជ្រុលនៃប្រទេសប្រេស៊ីល លោក ហ្សាអៀរ បុលសូណារ៉ូ (Jair Bolsonaro) បានចូលសម្រាកព្យាបាលនៅឯ មន្ទីរពេទ្យមួយក្នុងរដ្ឋផ្ល័ររីដា សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ ខណៈមនុស្សជាង ១,៥០០នាក់ ដែលជាអ្នកគាំទ្ររូបលោកត្រូវបានឃាត់ខ្លួន បន្ទាប់ពី ចូលអុកឡុកអគាររដ្ឋាភិបាល វិមានសភា និងតុលាការកំពូល នៅក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។

លោកស្រី មីឆែល (Michelle) ដែលជាភរិយារបស់លោក បុលសូណារ៉ូ បានឱ្យដឹងថាអតីតប្រធានាធិបតីប្រេស៊ីលរូបនេះបានចូលសម្រាកព្យាបាល នៅឯមន្ទីរពេទ្យមួយ ក្នុងទីក្រុងអ័រលេនដូ (Orlando) ជាមួយអាការៈឈឺពោះមានជាប់ពាក់ព័ន្ធនឹងរបួសចាស់ដែលលោកត្រូវបានគេចាក់នឹងកាំបិត កំឡុង យុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៨។ លោកស្រី មីឆែល បន្ថែមថាបើតាមក្រុមគ្រូពេទ្យ លោក បុលសូណារ៉ូ មិនមានអាការៈអ្វីធ្ងន់ធ្ងរ នោះទេ ហើយក៏មិនចាំបាច់ត្រូវការវះកាត់នោះដែរ។

គួរបញ្ជាក់ថា មនុស្សជាង ១,២០០នាក់បន្ថែមទៀតត្រូវបានឃាត់ខ្លួន ដើម្បីសួរចម្លើយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីមនុស្ស ៣០០នាក់ត្រូវបាន ឃាត់ខ្លួនកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នៅក្នុងភាពចលាចលមួយមិនធ្លាប់មានដោយក្រុមអ្នកគាំទ្រលោក បុលសូណារ៉ូ បានសម្រុកចូលអុកឡុក អគាររដ្ឋាភិបាល វិមានសភា និងតុលាការកំពូល ដើម្បីបង្ហាញការជំទាស់នឹងលទ្ធផលបោះឆ្នោតដែលពួកគេចោទថាជាការលួចបន្លំ។ ព្រឹត្តិការណ៍នេះ ត្រូវបានគេប្រដូចទៅនឹងការអឡុកវិមាន Capitol នៃសហរដ្ឋអាមេរិកពីសំណាក់អ្នកគាំទ្រអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលឡាំប៉ាប្រឆាំងនឹង ការទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន កាលពីជាង២ឆ្នាំមុន។

ប្រធានាធិបតីប្រេស៊ីល ក្នុងពេលបច្ចុប្បន្ន គឺលោក ល្វីស អ៉ីណាស្យ៉ូ លូឡា ដាស៊ីលវ៉ា (Luiz Inacio Lula da Silva) ដែលបានស្បថចូលកាន់តំណែង កាលពីថ្ងៃទី១ ខែមករាកន្លងទៅនេះ ក្រោយយកឈ្នះលោក បុលសូណារ៉ូ ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែតុលា ឆ្នាំ២០២២ បានសន្យាថានឹងនាំខ្លួនអ្នកដែលទទួលខុសត្រូវចំពោះអំពើហិង្សាមកទទួលទោសតាមផ្លូវច្បាប់៕