(ឡុងដ៍)៖ រដ្ឋមន្ត្រីរដ្ឋាភិបាលចក្រភពអង់គ្លេស នឹងជួបជាមួយមេដឹកនាំសហជីពនៅថ្ងៃចន្ទនេះ ក្នុងគោលបំណងដើម្បីបញ្ចប់រលកនៃកូដកម្ម ដែលបានរំខានដល់បណ្តាញផ្លូវដែក និងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីសុខាភិបាល លោក Steve Barclay នឹងជួបពិភាក្សាជាមួយសហជីពថែទាំសុខភាព ខណៈដែលរដ្ឋមន្ត្រីផ្សេងទៀតនឹងជួបជាមួយសហជីពផ្លូវដែក ដែលបានធ្វើកូដកម្មអស់ជាច្រើនខែមកហើយ។
ចក្រភពអង់គ្លេសកំពុងឆ្លងកាត់រលកកូដកម្មដ៏ធំបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយកម្មកររៀបចំអីវ៉ាន់ព្រលានយន្តហោះ បុគ្គលិកព្រំដែន គ្រូបង្រៀន អ្នកបើកបរ និងបុគ្គលិកប្រៃសណីយ៍ ស្ថិតក្នុងចំណោមអ្នកដែលបានដើរចេញពីការងារ ដើម្បីទាមទារប្រាក់ឈ្នួលខ្ពស់។
គិលានុបដ្ឋាយិកា និងបុគ្គលិករថយន្តសង្គ្រោះត្រូវបានជាប់គាំង នៅក្នុងការតវ៉ាជាមួយសេវាសុខភាពជាតិដែលផ្តល់មូលនិធិដោយរដ្ឋ ខណៈដែលពួកគេស្វែងរកការដំឡើងប្រាក់ខែ ដើម្បីរក្សាជីវភាពឲ្យនៅសមស្របនឹងការចំណាយដែលកំពុងកើនឡើង។ អតិផរណានៅចក្រភពអង់គ្លេសបានឈានដល់កម្រិតខ្ពស់បំផុតរយៈពេល ៤១ឆ្នាំ គឺ ១១.១ ភាគរយ បើធៀបនឹងកាលពីចុងឆ្នាំមុន ដោយការកើនឡើងថ្លៃថាមពល និងអាហារ៕