(ប៉េកាំង)៖ ដោយប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួនដោយឥតងាករេ ក្នុងជំហានទៅកាន់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ខ្លួន ដើម្បីសម្រេចបាននូវទំនើបកម្មសង្គមនិយមជាមូលដ្ឋាន ចិនបានខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការធ្វើឱ្យប្រសើរឡើង នូវចរន្តនៃសេដ្ឋកិច្ចសកល ហើយរួមចំណែកយ៉ាងសកម្មនិងសំខាន់នៅក្នុង ការទទួលដំណើរវិលត្រឡប់មកកាន់ប្រក្រតីភាពតាមគន្លងថ្មី និងកាន់តែប្រសើរនូវសេដ្ឋកិច្ចសកលដូចមុនមានវត្តមាន របស់ជំងឺរាតត្បាតជាសកលCovid-19។ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នេះ ធរមានភាពនៃការកែសម្រួលរបស់រដ្ឋាភិបាលចិន លើវិធានការគ្រប់គ្រងកូវីដ១៩ដែលមានលក្ខណៈវិនិច្ឆ័យ ស្របតាមនិយាម វិទ្យាសាស្រ្តសុខាភិបាលគឺជាចំណុចវិជ្ជមានដ៏ល្អត្រឹមត្រូវ សម្រាប់ប្រជាជាតិចិននិងសម្រាប់មនុស្សជាតិ នៅទូទាំងពិភពលោកទាំងមូល។

ដោយតែងតែបានចាត់ទុកសុខភាពរបស់មនុស្សជាតិជាអាទិភាព ចិនជានិច្ចកាលឈរនៅលំដាប់ទី១ក្នុងការចូលរួមអនុវត្ត តាមវិធានសុខាភិបាល ការគ្រប់គ្រងយ៉ាងល្អប្រសើរនូវស្ថានភាពនៃជំងឺឆ្លង ការផ្តល់ជំនួយសម្ភារៈ បច្ចេកវិទ្យា បច្ចេកទេស និងក្រុមវេជ្ជសាស្រ្តជួយថែរក្សាសុខុមាលភាពរបស់មនុស្សជាតិ។ ការណ៍ដែលមនុស្សជាតិនៅលើពិភពលោកអាចរស់នៅ តាមបែបភាពស៊ាំក្នុងសហគមន៍ និងតាមប្រក្រតីភាពគន្លងថ្មីស្របតាម និយាមវិទ្យាសាស្ត្រសុខាភិបាល គឺជាសច្ចភាពដែលមិនអាចបដិសេធបានថា មានមួយផ្នែកធំជាកិច្ចខិតខំរបស់ចិន ជាក់ស្តែងដូចជាការផ្តល់ជំនួយវ៉ាក់សាំង ជាឧទាហរណ៍ដែលពិភពលោកតែងអរគុណជាប់ជានិច្ចដល់ប្រទេសចិន។

ដោយបង្កើនឫទ្ធានុភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសកល ការចរាចរណ៍របស់ជនជាតិចិនទៅកាន់បរទេស ក៏ដូចជាការចរាចរណ៍ជនបរទេសទៅកាន់ប្រទេសចិន គឺជាលក្ខខណ្ឌចាំបាច់និងជាសារវន្ត។ ជនជាតិចិនដែលបានបំពេញធុរកិច្ច ទេសចរណ៍ និងទស្សនកិច្ចនៅបរទេសបានពាំនាំយកមក ជូនពិភពលោកនូវកំណើនពាណិជ្ជកម្ម អតិបរិមាណដ៏ប្រសើរនៃធនធានមូលធន ទំនើបកម្មបច្ចេកវិទ្យា បរិមាណមហាសាលនៃធនធានមនុស្ស កំណើនប្រាក់ចំណូលទាំងជាតិនិងទាំងប្រជាជន ហើយដែលពិភពលោកទាំងមូលកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ។ បន្ថែមពីស្នូរទះដៃអបអរសាទរដល់លទ្ធផលនៃសមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិនដែលបានបិទបញ្ចប់កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ នោះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ពិភពលោកនឹងបន្តទះដៃអបអរសាទរជាមួយនិងសមិទ្ធផល នៃការកែសម្រួលរបស់រដ្ឋាភិបាលចិនលើវិធានការគ្រប់គ្រងកូវីដ១៩ ដើម្បីទទួលដំណើរមកដល់របស់ប្រជាជនចិនទៅកាន់ បណ្តាប្រទេសនានា ក្នុងពិភពលោកប្រយោជន៍បង្កើនកម្លាំងដល់សេដ្ឋកិច្ចសកល។

ដោយភក្តីភាពចំពោះស្មារតីបើកចំហសម្រាប់បង្កើនល្បឿន នៃគំនិតផ្តួចផ្តើមអភិវឌ្ឍសកល ប្រទេសចិនបាន ប្តេជ្ញាយ៉ាងមុតមាំនិងប្រកាន់ជំហយ៉ាងរឹងមាំនៅក្នុង កិច្ចប្រកៀកស្មារជាមួយបណ្តាប្រទេសទាំងអស់នៅ ក្នុងពិភពលោកដើម្បីពង្រីកកំណើនសេដ្ឋកិច្ចរបស់ពិភពលោកក្នុងទិសដៅ នៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ស្មារតីពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺជាគុណតម្លៃស្នូលនិងជាហ្សែនរបស់ជនជាតិចិន ដែលខិតខំជំរុញវឌ្ឍនភាពនៃការកសាងសកលលោកមួយ ដែលមានសន្តិភាពជានិរន្តរ៍ សន្តិសុខជាទូទៅ វិបុលភាពរួម បើកទូលាយនិងបរិយាបន្ន។ ល្បឿនរបស់ចិននៃការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត សម្រាប់បម្រើដល់វិស័យស៊ីវិលគឺជាទឡ្ហីករណ៍ យ៉ាងច្បាស់លាស់នៅក្នុងការរួមចំណែកពង្រឹង និងពង្រីកអរិយធម៌វិបុលភាពរបស់មនុស្សជាតិ។

ក្នុងនាមជាមិត្តដែកថែបរបស់ចិន កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ការមកដល់របស់ប្រជាជនចិន ដែលនឹងផ្តល់នូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយរួមទាំងការពង្រីកទំហំនិងទម្ងន់នៃមាសបៃតង របស់កម្ពុជាតាមរយៈកំណើនទេសចរជនជាតិចិន។ ជាតួលេខឈរនៅចំណាត់ថ្នាក់ខ្ពស់បំផុត ក្នុងតារាងដែលប្រជាជនកម្ពុជាទន្ទេញយ៉ាងចាំស្ទាត់នោះ គឺទេសចរចិនមកកម្ពុជានៅឆ្នាំ២០១៩ មានជាង២.៣លាននាក់ ស្មើនឹង៣៥.៧%នៃទេសចរអន្តរជាតិសរុប (៦.៦លាននាក់) គិតជាចំណូលស្មើប្រមាណ១៨០០លានដុល្លារអាមេរិក លើចំណូលទេសចរណ៍សរុបប្រមាណ៥ប៊ីលានដុល្លាររបស់កម្ពុជា ខណៈដែលឆ្នាំ២០១៩ កម្ពុជាក៏ទទួលបានវិនិយោគគិនចិនលើ វិស័យពាក់ព័ន្ធនឹងទេសចរណ៍ប្រមាណជាង ៥០% នៃទុនវិនិយោគបរទេស (FDI) សរុបរបស់កម្ពុជា។

ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព Every Day Is A Wonder» ក្រសួងទេសចរណ៍នឹងដាក់ចេញយុទ្ធនាការ មេត្រីភាពទេសចរចិន «កម្ពុជា-ចិនមិត្តល្អ» ដើម្បីទទួលទេសចរចិនចាប់ពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ ដោយកម្ពុជាបានរំពឹងទុកជាមុនថា សក្តានុពលយ៉ាងធំនៃវិនិយោគិន និងទេសចរចិនមកកម្ពុជានឹងរួមចំណែកដល់ ការរីកចម្រើននៃវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន