(ប៉េកាំង)៖ ចាប់ពីថ្ងៃទី៨ខែមករាឆ្នាំ២០២៣នេះតទៅ ប្រទេសចិននឹងកែសម្រួលកម្រិតឆ្លងនៃវីរុសកូវីដ១៩ពី " ថ្នាក់B និងគ្រប់គ្រងតាមថ្នាក់A" ទៅជា " ថ្នាក់B គ្រប់គ្រងតាមថ្នាក់B"។ មួយរយៈពេលថ្មីៗកន្លងមក រដ្ឋាភិបាលចិនបានកែលម្អវិធានការបង្ការ និងគ្រប់គ្រងជំងឺឆ្លងដោយអនុលោមតាមកាលៈទេសៈនិងសភាពការណ៍ខុសៗគ្នា ដើម្បីធ្វើការរៀបចំចាត់ចែងឱ្យបានល្អនូវការបង្ការ និងគ្រប់គ្រងជំងឺឆ្លងនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាធានាបាននូវផលិតកម្មនិងជីវភាពរស់នៅ ជាប្រក្រតីរបស់ប្រជាជន។

ទាក់ទិននឹងរឿងនេះ អ្នកជំនាញនិងបញ្ញវន្តនៃប្រទេសជាច្រើនបានថ្លែងថា ក្នុងបរិបទដែលការរីករាលដាលនៃជំងឺឆ្លង មានការផ្លាស់ប្តូរ អត្រាចាក់វ៉ាក់សាំងខ្ពស់និងបានសន្សំ នូវបទពិសោធបង្ការនិងគ្រប់គ្រងជំងឺឆ្លងជាច្រើន ប្រទេសចិនបានកែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺឆ្លងដោយម្ចាស់ការ វិធានការទាំងនេះប្រកបដោយវិទ្យាសាស្រ្តនិងប្រសិទ្ធភាព ព្រមទាំងសមស្របនឹងការពិតជាក់ស្តែង ដែលមានអំណោយផលដល់ការងើបឡើងវិញ និងអភិវឌ្ឍនៃសេដ្ឋកិច្ចចិននិងពិភពលោក។

លោក Gu Qingyang សាស្រ្តាចារ្យរងនៃវិទ្យាស្ថានគោលនយោបាយសាធារណៈ Lee Kuan Yew នៃសកលវិទ្យាល័យជាតិសិង្ហបុរី បានថ្លែងថា ខណៈពេលគ្រប់គ្រងឱ្យបានល្អនូវការរីករាលដាលនៃជំងឺឆ្លងក្នុងស្រុក ប្រទេសចិនក៏បានពង្រឹងដោយជោគជ័យ នូវសមត្ថភាពអភិវឌ្ឍសេដ្ឋកិច្ចនិងគាំពារយ៉ាងខ្លាំង នូវស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ ។ប្រទេសចិនមិនត្រឹមតែបានធានាដល់សុខភាពអាយុជីវិត របស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងក៏បានជះឥទ្ធិពលវិជ្ជមាន ក្នុងការលំនឹងសេដ្ឋកិច្ចពិភពលោកផងដែរ។

អ្នកជំនាញផ្នែកសុខាភិបាលសាធារណៈប៉ាគីស្ថានបានថ្លែងថា ទន្ទឹមនឹងការផ្លាស់ប្តូរជាបន្តបន្ទាប់ នៃស្ថានការណ៍និងការលេចចេញ នៃព័ត៌មានថ្មីនិងភស្តុតាងថ្មី រដ្ឋាភិបាលនៃប្រទេសនានាចាំបាច់ត្រូវមានភាពរស់រវើក ក្នុងការដាក់ចេញវិធានការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីស១៩។ ការកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លងរបស់ចិន គឺដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់នូវបញ្ហាប្រឈម ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺឆ្លង៕

វិទ្យុមិត្តភាពកម្ពុជាចិន