(ប៉េកាំង)៖ មុនចូលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៣ ក្នុងសារជូនពរ លោកបានថ្លែងថា តាំងពីផ្ទុះរាលដាលជំងឺកូវីដ១៩មក ប្រទេសចិនបានតម្កល់ប្រជាជនជាអាទិភាពជានិច្ច និងតម្កល់ទុកអាយុជីវិតជាចម្បង ប្រកាន់ខ្ជាប់នូវការបង្ការនិងគ្រប់គ្រងដោយវិទ្យាសាស្ត្រនិងត្រឹមត្រូវ កែសម្រួលវិធានការបង្ការនិងគ្រប់គ្រងតាមសភាពការណ៍ជាក់ស្តែង ដើម្បីខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការការពារសុវត្ថិភាព អាយុជីវិតនិងសុខភាពរបស់ប្រជាជន។

កម្មាភិបាលនិងមហាជនទាំងអស់ ពិសេសគឺបុគ្គលិកពេទ្យនិងបុគ្គលិកធ្វើការតាមមូលដ្ឋានមិនខ្លាចការលំបាក ខិតខំបំពេញការងារយ៉ាងអង់អាចក្លាហាន ឆ្លងតាមការខិតខំប្រឹងប្រែងយ៉ាងមុតមាំ យើងបានយកឈ្នះ ការលំបាកនិងបញ្ហាប្រឈមដែលមិនធ្លាប់ជួបនាពេលកន្លងមក មនុស្សគ្រប់រូបសុទ្ធតែមិនងាយទេ។ បច្ចុប្បន្ននេះ ការបង្ការនិងគ្រប់គ្រងនឹងជំងឺកូវីដ១៩បានឈានចូលដំណាក់កាលថ្មី តែនៅតែស្ថិតក្នុងខណៈពេលដ៏ពិបាក យើងសុទ្ធតែខិតខំតស៊ូយ៉ាងស្វិតស្វាញ អនាគតដ៏ភ្លឺស្វាងគឺនៅខាងមុខហើយ!

ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ១៩រយៈពេល៣ ឆ្នាំ ប្រទេសចិនមានការរីកចម្រើនជាលំដាប់ និងឆ្ពោះទៅមុខក្រោមសម្ពាធ។ ជាមួយនឹងការមកដល់នៃយុគសម័យក្រោយការរាតត្បាតជំងឺកូវីដ១៩ អង្គភាពទីផ្សារដែលមានមនុស្សរាប់រយលាននាក់ ប្រាកដជានឹងបង្កើតសមិទ្ធផលជាច្រើន ដើម្បីផ្តល់ការគាំទ្រតម្រូវការដ៏ខ្លាំងសម្រាប់ការងើបឡើងវិញនៃទីផ្សារពិភពលោក។ ការបើកចំហររបស់ប្រទេសចិននឹងនាំឱ្យពិភពលោកមានពន្លឺថ្ងៃ។ សូមលើកឧទាហរណ៍តូចមួយ គេហទំព័ររបស់រដ្ឋបាលអន្តោប្រវេសន៍ជាតិបានប្រកាសថា ការអនុម័តលិខិតឆ្លងដែនសម្រាប់ពលរដ្ឋចិនដែលទៅក្រៅប្រទេស នឹងបើកឡើងវិញចាប់ពីថ្ងៃទី ៨ខែមករា ឆ្នាំ ២០២៣នេះតទៅ។ ដំណឹងនេះប្រកាសចេញត្រឹមតែ១៥ នាទីប៉ុណ្ណោះ ចំនួននៃការស្វែងរកសំបុត្រយន្តហោះអន្តរជាតិតាមអនឡាញបានកើនឡើងដល់ទៅ ៧ ដងនិងចំនួនមនុស្សរឆែកមើលគោលដៅ ទេសចរណ៍ដ៏ទាក់ទាញបំផុតលើពិភពលោកបានកើនឡើង ១០ ដង។

ការរស់នៅរបស់ប្រទេសចិនកំពុងវិលត្រឡប់មកធម្មតាវិញជាបណ្ដើរៗ ដែលធ្វើឱ្យពិភពខាងក្រៅពោរពេញទៅដោយទំនុកចិត្ត ចំពោះនិន្នាការសេដ្ឋកិច្ចរបស់ប្រទេសចិន។ ជាមួយនឹង ការធ្វើដំណើរទៅក្រៅប្រទេសដោយមានសណ្តាប់ធ្នាប់របស់ពលរដ្ឋចិន ប្រទេស និងតំបន់ដែលពឹងផ្អែកលើវិស័យទេសចរណ៍បានចាប់ផ្តើមទន្ទឹងរង់ចាំឥទ្ធិពលជំរុញភ្ញៀវទេសចរចិនមកលើសេដ្ឋកិច្ចក្នុងស្រុក។ ជាមួយនឹងការកែសម្រួលនៃគោលនយោបាយបង្ការការរាតត្បាតជំងឺកូវីដ១៩របស់ប្រទេសចិន ប្រទេសទាំងអស់កំពុងត្រៀមទទួលដំណើររបស់ភ្ញៀវទេសចរណ៍ចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន