(ឡុងដ៏)៖ សេវាសុខាភិបាលជាតិរបស់អង់គ្លេស (NHS) មានបំណងបញ្ជូនអ្នកជំងឺរាប់ពាន់នាក់ទៅកាន់ផ្ទះថែទាំ និងកន្លែងផ្សេងទៀតនៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយ បញ្ហាខ្វះខាតគ្រែដែលមានតម្រូវការយ៉ាងខ្លាំង អំឡុងរដូវរងាដ៏លំបាកបំផុតមួយមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។

សេវាសុខភាពដែលគ្រប់គ្រងដោយរដ្ឋ ដែលផ្តល់ការថែទាំដោយឥតគិតថ្លៃដល់ប្រជាជនទាំងមូល កំពុងស្ថិតក្នុងភាពតានតឹង បន្ទាប់ពីមានការវិនិយោគតិចតួចរយៈពេលជាច្រើនឆ្នាំ ការដួលរលំដោយសារតែជំងឺកូវីដ១៩ និងសកម្មភាពធ្វើកូដកម្មដោយបុគ្គលិកជួរមុខ ដើម្បីទាមទារដំឡើងប្រាក់បៀវត្ស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលបានប្រកាសថានឹងផ្តល់ថវិកាបន្ថែមដល់ទៅ ២០០លានផោន ឬប្រមាណ ២៤២លានដុល្លារនៃមូលនិធិបន្ថែមដែលមាននៅក្នុងប្រទេសអង់គ្លេស ដើម្បីរៀបចំកន្លែងថែទាំរយៈពេលខ្លី និងអនុញ្ញាតឲ្យអ្នកជំងឺស្រាលទទួលការថែទាំនៅខាងក្រៅមន្ទីរពេទ្យ។ ជាមួយគ្នានោះថវិកា ៥០លានផោន ឬជាង ៦០លានដុល្លារ នឹងត្រូវយកទៅកែលម្អមធ្យោបាយដែលមានស្រាប់។

គួរបញ្ជាក់ថា គោលបំណងនៃការបញ្ចូនអ្នកជំងឺមួយចំនួនទៅកន្លែងផ្សេងទៀត គឺជាវិធីសាស្រ្តជួយសង្រ្គោះមួយដែល NHS ធ្លាប់បានអនុវត្តនៅអង់គ្លេសអំឡុងពេលរាលដាលជំងឺកូវីដ១៩ ដែលមានការខ្វះខាតគ្រែសម្រាប់អ្នកជំងឺដូចពេលនេះដែរ៕