(ញូដេលី)៖ អ័ព្ទយ៉ាងក្រាស់ក្នុងទីក្រុងដេលី នៅថ្ងៃចន្ទនេះ បាននាំឲ្យមានការពន្យារពេលជើងហោះហើរ និងបង្ខំឲ្យអាជ្ញាធរពន្យារពេលបើកសាលារៀនឡើងវិញ ដោយសារសីតុណ្ហភាពកាន់តែធ្លាក់ចុះ ហើយរថយន្តត្រូវបើកភ្លើងហ្វា ក្នុងពេលបើកបរដែលមានលក្ខណៈគ្រោះថ្នាក់។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។

អាកាយានដ្ឋានអន្តរជាតិ អ៉ីនឌីរ៉ា ហ្កាន់ឌី (Indira Gandhi) ក្នុងរដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌា បានស្នើឲ្យអ្នកដំណើរទាក់ទងទៅ ក្រុមហ៊ុនអាកាសចរណ៍ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីជើងហោះហើរ។ នៅក្នុងសេចក្តីជូនដំណឹងមួយតាមបណ្តាញសង្គម Twitter អាកាយានដ្ឋានអន្តរជាតិ អ៉ីដ្រា ហ្កាន់ឌី បានឲ្យដឹងថា ដោយសារតែអ័ព្ទក្រាស់ ប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋាន អាចរងផលប៉ះពាល់។ ទិន្នន័យពីអ្នកតាមដានការហោះហើរឯកជនបានបង្ហាញថា ជើងហោះហើរជាច្រើនត្រូវបានពន្យារពេល។

នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានព្យាករថា ស្ថានភាពអ័ព្ទក្រាស់កាន់តែខ្លាំងលើផ្នែកជាច្រើននៃទីក្រុងញូដេលី ក៏ដូចជារដ្ឋភាគខាងជើង និងភាគខាងកើត ដូចជារដ្ឋពុនចាប់ (Punjab) ហារីយ៉ាណា (Haryana) អ៊ូតតា ប្រាដេស (Uttar Pradesh) និងប៊ីហា (Bihar) នឹងកើតឡើងរហូតដល់ថ្ងៃអង្គារសប្តាហ៍នេះ។ IMD បានព្រមានថា ចរចរណ៍ផ្លូវកាស ផ្លូវថ្នល់ និងរថភ្លើង អាចរងផលប៉ះពាល់រយៈពេល២ថ្ងៃ ហើយមនុស្សអាចមានបញ្ហាសុខភាពទាក់ទងនឹងសួត។

គួរបញ្ជាក់ថា ទីក្រុងញូដេលី ដែលមានប្រជាជនរស់នៅ ២០លាននាក់ បានពន្យារពេលសម្រាកវិស្សមកាលរដូវរងា សម្រាប់សាលារៀនជាច្រើន ដែលរំពឹងថានឹងបើកឡើងវិញនៅថ្ងៃច័ន្ទនេះ។ សីតុណ្ហភាពអប្បបរមាក្នុងទីក្រុងមានកម្រិត ៥ អង្សាសេ។ រលកត្រជាក់ត្រូវបានប្រកាសនៅតំបន់ទំនាប ដែលសីតុណ្ហភាពអប្បបរមាធ្លាក់ចុះដល់ ៤អង្សាសេ និងក្រោមកម្រិតធម្មតា ១០អង្សាសេ ឬទាបជាងនេះ៕