(ហ្សឺណេវ)៖ ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UN) បាននិយាយថា សហគមន៍អន្តរជាតិត្រូវតែជួយ ប៉ាគីស្ថានឲ្យងើបឡើងវិញ ពីគ្រោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញកាលពីឆ្នាំ២០២២ និងបង្កើនភាពធន់ផ្នែកអាកាសធាតុ បើមិនដូច្នេះទេប្រទេសនេះនឹងជាប់ក្នុងភាពវេទនា។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។

បច្ចុប្បន្ន ប្រទេសប៉ាគីស្ថានកំពុងព្យាយាមស្តារឡើងវិញនៅឡើយពីទឹកជំនន់ ដែលបង្កឡើងដោយខ្យល់មូសុង មិនធ្លាប់មានពីមុនមក កំលុងខែសីហា ឆ្នាំ២០២២ ដែលបានសម្លាប់មនុស្សជាង ១,៧០០នាក់ និងបានប៉ះពាល់ដល់ប្រជាជន ប្រហែល ៣៣លាននាក់ផ្សេងទៀត។ ដើម្បីបំពេញតាមតម្រូវការដ៏ចាំបាច់នេះ ប៉ាគីស្ថាននិងអង្គការសហប្រជាជាតិ នឹងធ្វើជាម្ចាស់ផ្ទះរួមគ្នានៃសន្និសីទអន្តរជាតិ ក្នុងទីក្រុងហ្សឺណែវ ដើម្បីស្វែងរកជំនួយរាប់ពាន់លានដុល្លារ និងការគាំទ្រផ្សេងទៀតឆ្ពោះទៅរកផែនការស្តារឡើងវិញ និងភាពធន់ទ្រាំរយៈពេលវែង។

ប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ លោក អាឈីម ស្តែននឺ (Achim Steiner) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការបំផ្លិចបំផ្លាញដោយទឹកជំនន់ ភាពរងទុក្ខវេទនារបស់មនុស្ស ការចំណាយផ្នែកសេដ្ឋកិច្ច ប្រែក្លាយបញ្ហាទឹកជំនន់ឲ្យក្លាយជា មហន្តរាយយ៉ាងធ្ងន់ធ្ងរមួយ។ លោក ស្តែននឺ បានគូសបញ្ជាក់ថា «ទឹក​អាច​ស្រក​ចុះ ប៉ុន្តែ​ផល​ប៉ះពាល់​នៅ​តែ​មាន។ កិច្ចខិតខំប្រឹងប្រែងដើម្បីកសាងឡើងវិញ និងស្តារនីតិសម្បទាដ៏ធំមួយ ចាំបាច់ត្រូវតែអនុវត្ត។

គួរបញ្ជាក់ថា មនុស្សរាប់លាននាក់នៅតែជម្លៀសចេញ ហើយអ្នកដែលមានលទ្ធភាពត្រឡប់ទៅផ្ទះវិញ ជារឿយៗត្រូវត្រឡប់ទៅរស់នៅក្នុងផ្ទះដែលរងនូវការខូច ឬបំផ្លាញ ខណៈវាលស្រែគ្របដណ្ដប់ដោយភក់ ដែលមិនអាចធ្វើការដាំដុះបាន។ តម្លៃស្បៀងអាហារបានកើនឡើងខ្ពស់ ហើយចំនួនមនុស្សដែលប្រឈមមុខនឹងអសន្តិសុខស្បៀង បានកើនឡើងទ្វេដងដល់ ១៤.៦លាននាក់។ ធនាគារពិភពលោកបានប៉ាន់ប្រមាណថា មនុស្សរហូតដល់ ៩លាននាក់ទៀត អាចត្រូវបានអូសចូលទៅក្នុងភាពក្រីក្រដោយសារតែវិបត្តិទឹកជំនន់នេះ៕