(សៅប៉ូឡូ)៖ ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល លោក ហ្សាអៀរ បុលស៊ូណារ៉ូ (Jair Bolsonaro) បានលុកលុយចូលក្នុងអគារសភា វិមានប្រធានាធិបតី និងតុលាការកំពូលកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដែលត្រូវបានគេប្រដូចទៅនឹងការអឡុកវិមាន Capitol នៃសហរដ្ឋអាមេរិកពីសំណាក់អ្នកគាំទ្រអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដើម្បីប្រឆាំងនឹងការទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន កាលពីជាង២ឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។

សកម្មភាពបះបោររយៈពេលជាង ៣ម៉ោងបានបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការឡើងកាន់តំណែងរបស់ប្រធានាធិបតីឆ្វេងនិយម លោក លូអ៉ីស អ៉ីណាស្យ៉ូ លូឡា ដា ស៉ីលវ៉ា (Luiz Inacio Lula da Silva) ដែលបានយកឈ្នះលោក បុលសូណារ៉ូ ក្នុងការបោះឆ្នោតកាលពីខែតុលា ឆ្នាំ២០២២។ ភ្លាមៗនៅទាន់មិនមានរបាយការណ៍អំពីការស្លាប់ ឬរបួសនោះទេ ប៉ុន្តែពួកគេបានបំផ្លិចបំផ្លាញសម្ភារនៃវិមានប្រធានាធិបតី ធ្វើឲ្យមានទឹកជន់លិចហៀរហូរតាមផ្នែកខ្លះក្នុងសភា និងរុះរើបន្ទប់មួយចំនួនក្នុងតុលាការកំពូល។

អំឡុងពេលធ្វើដំណើរជាផ្លូវការទៅកាន់រដ្ឋធានី សៅប៉ូឡូ (Sao Paulo) ប្រធានាធិបតីប្រេស៉ីល លោក លូឡា បាននិយាយថា «ការបំផ្លិចបំផ្លាញទាំងនេះ ដែលយើងអាចហៅថា ពួកហ្វាស៊ីសនិយមជ្រុលបានធ្វើអ្វីដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។ អ្នកដែលរកឃើញថា​បានប្រព្រឹត្តខុស​នឹងត្រូវ​ទទួល​ទោសតាមច្បាប់»។

គួរបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងទង្វើក្រុមអ្នកគាំទ្រលោក បុលសូណារ៉ូ លោក លូឡា បានអនុញ្ញាតឱ្យកងកម្លាំងសន្តិសុខសហព័ន្ធ ធ្វើអន្តរាគមន៍នៅក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា (Brasilia) រហូតដល់ថ្ងៃទី៣១ ខែមករា ខណៈកងកម្លាំងសន្តិសុខរដ្ឋធានីកំពុងទប់ទល់នឹងក្រុមអ្នកគាំទ្ររបស់ លោក ប៊ុលសូណារ៉ូ ដែលបានធ្វើចោទប្រកាន់ដោយគ្មានមូលដ្ឋាន អំពីការក្លែងបន្លំការបោះឆ្នោត៕