(គូឡាំពួ)៖ នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) បានជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះ ក្នុងដំណើរបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង បន្ទាប់ពីបានឈ្នះការបោះឆ្នោតផ្តល់ទំនុកចិត្ត និងពង្រឹងអាណត្តិរបស់លោកដែលជាប់គាំងក្រោយការបោះឆ្នោត។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។

លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) បានជួបប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) សម្រាប់កិច្ចពិភាក្សានៅវិមានប្រធានាធិបតីក្នុងទីក្រុងបូហ្គ័រ (Bogor) ស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានីហ្សាកាតា (Jakarta)។

ក្រសួងការបរទេសម៉ាឡេស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាសកល និងក្នុងតំបន់ រួមទាំងពាណិជ្ជកម្ម ឧស្សាហកម្មប្រេងដូង ជម្លោះព្រំដែន និងស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្រមទាំងពិភាក្សាផងដែរអំពីសិទ្ធិពលករចំណាកស្រុក បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំមុនបានដាក់បម្រាម បណ្តោះអាសន្នលើពលករចំណាកស្រុកឥណ្ឌូណេស៊ី ទៅកាន់ម៉ាឡេស៊ី ផងដែរ។

គួរបញ្ជាក់ថា ជាទម្លាប់ ដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសម៉ាឡេស៊ី តែងតែធ្វើឡើងនៅឥណ្ឌូណេស៊ីដែលជាប្រទេសជិតខាង និងជាទីផ្សារនាំចេញធំជាងគេទី៥របស់ខ្លួន៕