(ប៉េកាំង)៖ យោធាចិន បានឱ្យដឹងថាខ្លួនបានដឹកនាំការធ្វើសមយុទ្ធយោធាប្រយុទ្ធនៅជុំវិញកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ហើយនេះជាការធ្វើសមយុទ្ធ ប្រយុទ្ធជាលើកទី២ ក្នុងរយៈពេលមិនដល់មួយខែផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។

ចិន តែងតែអះអាងថាតៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួន ហើយបានបង្កើនការធ្វើសកម្មភាពយោធា ដាក់សម្ពាធនយោបាយ និងសេដ្ឋកិច្ចដើម្បីបញ្ជាក់ពីការអះអាងនេះ។ នៅក្នុង សេចក្ដីថ្លែងការណ៍មួយ កងទ័ពរំដោះប្រជាជនចិនប្រចាំភូមិភាគខាងកើតបានបញ្ជាក់ថាកងកម្លាំងរបស់ខ្លួនបានដឹកនាំ និងរៀបចំការធ្វើសមយុទ្ធប្រយុទ្ធរួមគ្នា ព្រមទាំងការល្បាត និងពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ នៅក្នុងដែនទឹក និងដែនអាកាសជុំវិញកោះតៃវ៉ាន់ ជាមួយការផ្ដោតជាសំខាន់លើការវាយប្រហារលើដីគោក និងសមុទ្រ។

បើតាមកងទ័ពរំដោះប្រជាជនចិន សមយុទ្ធយោធាខាងលើមានគោលដៅធ្វើតេស្ដលើសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ និងការទប់ទល់ប្រឆាំងនឹងកម្លាំងពីខាងក្រៅណាមួយ ដែលមានបំណងបង្ករឿង ក៏ដូចជាទប់ស្កាត់កងកម្លាំងផ្ដាច់ខ្លួនចង់ទារទាមឯករាជ្យរបស់តៃវ៉ាន់។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិតៃវ៉ាន់ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ខ្លួនចាប់បានសញ្ញាយន្ដហោះចម្បាំង៥៧គ្រឿង និងនាវាចម្បាំង៤គ្រឿងរបស់ចិន បាន ធ្វើប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ ក្នុងនោះមានយន្ដហោះចម្បាំង ២៨គ្រឿង បានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់៕