(ស៊ីដនី)៖ អ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេសអូស្ត្រាលីបាននិយាយនៅថ្ងៃអាទិត្យនេះថា ទឹកជំនន់ដែលបំបែកកំណត់ត្រានៅភាគពាយព្យរបស់ប្រទេស ឥឡូវនេះបានធ្វើឱ្យសហគមន៍ជាច្រើនត្រូវបានកាត់ផ្តាច់ ខណៈដែលវិបត្តិនៅតែបន្តអូសបន្លាយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០២៣។
ភាពអាសន្នត្រូវបានកើតឡើងនៅក្នុងតំបន់ Kimberley ដែលជាតំបន់ភាគខាងលិច នៃប្រទេសអូស្ត្រាលី មានទំហំប៉ុនរដ្ឋកាលីហ្វ័រញ៉ាក្នុងសប្តាហ៍នេះ ដោយសារប្រព័ន្ធអាកាសធាតុធ្ងន់ធ្ងរ Ellie ដែលជាអតីតព្យុះស៊ីក្លូនត្រូពិចដែលបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង។
លោក Stephen Dawson រដ្ឋមន្ត្រីសេវាសង្គ្រោះបន្ទាន់របស់អូស្ត្រាលីខាងលិចបានប្រាប់អ្នកយកព័ត៌មានថា «ទឹកមានគ្រប់ទីកន្លែង...ប្រជាជននៅក្នុងតំបន់ Kimberley កំពុងជួបប្រទះនូវព្រឹត្តិការណ៍ទឹកជំនន់ ក្នុងរយៈពេល១០០ឆ្នាំ ដែលជាការជន់លិចដ៏អាក្រក់បំផុត នៅភាគខាងលិចប្រទេសអូស្ត្រាលីក្នុងប្រវត្តិសាស្ត្រ»។
លោកបន្តថា នៅតំបន់ខ្លះទឹកជំនន់បានលាតសន្ធឹងរហូតដល់៥០គីឡូម៉ែត្រ។
ទីប្រជុំជន Fitzroy Crossing ដែលជាសហគមន៍ ដែលមានមនុស្សប្រហែល ១,៣០០នាក់បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ខណៈការផ្តល់ជំនួសសង្គ្រោះបន្ទាន់ ត្រូវបានធ្វើឡើងតាមអាកាស ដោយសារតែផ្លូវទឹកជន់លិច។
ការិយាល័យឧតុនិយមបាននិយាយនៅថ្ងៃអាទិត្យនេះថា ភ្លៀងបានធូរស្រាល ខណៈដែលអតីតព្យុះស៊ីក្លូនបានផ្លាស់ប្តូរឆ្ពោះទៅទិសខាងកើតទៅកាន់ដែនដីភាគខាងជើង ប៉ុន្តែបានព្រមានថា «ទឹកជំនន់ដែលបំបែកកំណត់ត្រា» នៅតែបន្តកើតមាននៅក្នុងតំបន់ Kimberley ។
ប្រភពដដែលនេះបានសង្កត់ធ្ងរថា «ផ្លូវជាច្រើនមិនអាចឆ្លងកាត់បាន ហើយសហគមន៍ជាច្រើនឥឡូវនេះត្រូវបានកាត់ផ្តាច់ពីគេ»៕