(វ៉ាស៉ីនតោន)៖ នៅទីបំផុតទៅ លោក ខេវិន ម៉ាកខាធី (Kevin McCarthy) ត្រូវបានតែងតាំងជាប្រធានថ្មីនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកហើយ កាលពីថ្ងៃសៅរ៍ ទី៧ ខែមករានេះ បន្ទាប់ពីផ្ទៃក្នុងគណបក្សសាធារណរដ្ឋ និយាយពុំត្រូវគ្នាអស់រយៈពេលប៉ុន្មានថ្ងៃ ក្នុងការបោះឆ្នោតគាំទ្ររូបលោកឱ្យឡើងកាន់​មុខតំណែងមួយនេះ។

យោងតាមគោលការណ៍កំណត់ លោក McCarthy ដែលមានវ័យ៥៧ឆ្នាំ ត្រូវការសំឡេងគាំទ្រភាគច្រើនធម្មតាគឺចំនួន២១៨សំឡេង ក្នុងចំណោម​សមាជិកសភាតំណាងរាស្រ្តអាមេរិក សរុបទាំងអស់៤៣៥នាក់ ដើម្បីអាចជាប់ជាប្រធានបាន។ ប៉ុន្តែវាបានក្លាយជាការបោះឆ្នោតជ្រើសរើស​ប្រធាន ដែលប្រើពេលយូរបំផុត ក្នុងរយៈពេល១៦០ឆ្នាំចុងក្រោយនេះ ដោយសារតែបក្សសាធារណរដ្ឋដែលមានការខ្វះគំនិតគ្នាស៉ីជម្រៅ បានចំណាយពេលបោះឆ្នោតសរុបដល់ទៅ១៥ជុំ ក្នុងពេល៤ថ្ងៃ ដើម្បីអាចរកច្រកចេញរួច បន្ទាប់ពីសមាជិកមួយក្រុម ជំទាស់នឹងការតែងតាំង​លោក McCarthy។

គួរបញ្ជាក់ថា គណបក្សសាធារណរដ្ឋ ដែលបច្ចុប្បន្នជាអ្នកគ្រប់គ្រងសភាតំណាងរាស្រ្តអាមេរិក បានជួបបញ្ហាខាងលើ ដោយសារតែខ្លួន​ទទួលជ័យជម្នះ ជាមួយអាសនៈត្រឹម២២២ប៉ុណ្ណោះ ក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ទល់នឹង​អាសនៈចំនួន២១២របស់បក្សប្រជាធិបតេយ្យ ដែលតិចជាងការរំពឹងទុកឆ្ងាយ ជាហេតុធ្វើឱ្យភាពរាំងស្ទះ អាចកើតមានឡើងយ៉ាងដូច្នោះ នៅពេលមានការជំទាស់ពីសមាជិកបក្សខ្លួនផ្ទាល់។

*តើលោក Kevin McCarthy ជានរណា?

លោក Kevin McCarthy ឬមានឈ្មោះពេញថា Kevin Owen McCarthy កើតនៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៦៥ នៅក្នុងទីក្រុង Bakersfield នៃរដ្ឋ California សហរដ្ឋអាមេរិក។ លោក McCarthy មានឪពុកជាអ្នកពន្លត់អគ្គិភ័យ និងមានម្ដាយជាស្ត្រីមេផ្ទះ នៅក្នុងគ្រួសារមានជីវភាពមធ្យមមួយ។ នៅពេលរូបលោកមានអាយុ២១ឆ្នាំ លោកបានទិញឆ្នោតផ្សងសំណាងមួយសន្លឹក និងបានឈ្នះឆ្នោតនេះចំនួន ៥,០០០ដុល្លារ។ ក្រោយមកលោកបានប្រើប្រាក់ដែលឈ្នះពីឆ្នោតផ្សងសំណាងនេះ ទៅបើកហាងលក់នំបុ័ងដាក់សាច់តូចមួយមានឈ្មោះថា «Kevin O’s Deli» ហើយលោកបានបោះបង់ចោលការសិក្សាមួយរយៈដើម្បីប្រកបអាជីវកម្មនេះ។

ប៉ុន្តែក្រោយមក លោក McCarthy បានលក់ហាងរបស់លោក ដើម្បីយកលុយទៅបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ នៅឯសាកលវិទ្យាល័យ California State University ហើយក្នុងពេលជាមួយគ្នានោះ លោកបានបម្រើការជាជំនួយការម្នាក់នៅក្នុងសភាតំណាងរាស្ត្រអាមេរិក។ នៅឆ្នាំ២០០០ លោក McCarthy លោកជាប់ឆ្នោតជាអ្នកតំណាងតាមមូលដ្ឋាន និងនៅឆ្នាំ២០០៦ ទើបលោកជាប់ឆ្នោតជាសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ។ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ លោក McCarthy បានកាន់តំណែងជាប្រធានក្រុមសំឡេង ភាគតិចនៅសភាតំណាងរាស្ត្រ និងកាន់តំណែងនេះទៀតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ មុននឹងត្រូវបានតែងតាំងជាប្រធានសភាតំណាងរាស្ត្រថ្មីរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៧ ខែមករានេះ។

លោក Kevin McCarthy គឺជាអ្នកសាធារណរដ្ឋនិយម និងប្រកាន់និន្នាការស្ដាំនិយម ហើយលោកក៏ជាមនុស្សម្នាក់ដែលចេញមុខចេញមាត់រិះគន់ និងប្រឆាំងគោលនយោបាយរបស់ លោកប្រធានាធិបតី ចូ បៃដិនផងដែរ ក្នុងនោះរួមមានទាំងការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនជាដើម។ ប៉ុន្តែ ដើម្បីទទួលបានការតែងតាំងជាប្រធានសភាតំណាងរាស្រ្ត លោក McCarthy បានយល់ព្រមធ្វើសម្បទានមួយចំនួនជាមួយសមាជិកសភាតំណាងរាស្ត្រសាធារណរដ្ឋដែលជំទាស់នឹងរូបលោក ដែលនេះត្រូវបានគេមើលឃើញថាលោកជាប្រធានម្នាក់ ដែលមានភាពផុយស្រួល៕

ប្រភព៖ BBC