(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង កំពុងពិចារណាទិញប្រព័ន្ធអាវុធមួយប្រភេទពីអ៉ីស្រាអែល ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការចាប់សញ្ញាយន្ដហោះដ្រូនរបស់ កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីមន្ត្រីយោធាកូរ៉េខាងត្បូង​ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ព័ត៌មាន នេះទៀតសោតកើតមានឡើង ចំពេលយោធាកូរ៉េខាងត្បូង កំពុងរងការរិះគន់យ៉ាងខ្លាំងដោយសារតែបរាជ័យក្នុងការទប់ស្កាត់ការទន្ទ្រាញចូលដែនអាកាសរបស់ខ្លួន ពីសំណាក់យន្ដហោះដ្រូនកូរ៉េខាងជើងកាលពីចុងខែធ្នូ ឆ្នាំ២០២២។

ប្រភពដដែលបានប្រាប់យ៉ុនហាប់ថា ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធការពារដែនអាកាស យោធាកំពុងពិចារណាទិញប្រព័ន្ធអាវុធ Sky Spotter system ពីអ៉ីស្រាអែល និងផលិតដោយក្រុមហ៊ុន Rafael Advanced Defense Systems។ ប្រព័ន្ធអាវុធនេះមានសមត្ថភាពចាប់សញ្ញាឧបករណ៍ហោះហើរ ដូចជាយន្ដហោះដ្រូនជាដើម៕