(សេអ៊ូល)៖​ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរក្សាភាពស្ងប់ស្ងាត់ដោយមិនបានធ្វើសេចក្ដីរាយការណ៍អ្វីឡើយពីថ្ងៃខួបកំណើតគម្រប់អាយុ ៣៩ឆ្នាំ នៃមេដឹកនាំកំពូលរបស់ខ្លួន គឺលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងសំខាន់ៗ ដូចជា KCNA និងរ៉ូដុង ស៊ីនមុន (Rodong Sinmun) មិនបានធ្វើការរាយការណ៍អ្វីទេពីថ្ងៃខួបកំណើតរបស់លោក គីម ជុងអ៊ុន នៅថ្ងៃអាទិត្យនេះ។ ចាប់តាំងពីឡើងកាន់តំណែងជាមេដឹកនាំកូរ៉េខាងជើង បន្តពីឪពុកគឺលោក គីម ជុងអ៉ីល កាលពីឆ្នាំ២០១១ លោក គីម ជុងអ៊ុន ត្រូវបាន សារព័ត៌មាន Rodong Sinmun ដែលជាអង្គភាពមួយដ៏ឥទ្ធិពលនៃគណបក្សពលករ ចាត់ទុកថាជានិមិត្តរូបនៃអនុភាពកូរ៉េខាងជើង និងជាអ្នកការពារជាតិ។

កូរ៉េខាងជើង ប្រារព្ធជាផ្លូវការនូវពិធីខួបកំណើតនៃអតីតមេដឹកនាំ លោក គីម អ៉ីលស៊ុង (ជីតា) និងលោក គីម ជុងអ៉ីល (ឪពុក) ហើយបានចាត់ទុកថ្ងៃខួបកំណើត ជីតារបស់លោក គីម ជុងអ៊ុន ជាទិវាព្រះអាទិត្យ និងថ្ងៃកំណើតឪពុករបស់លោក គីម ជុងអ៊ុនថាជាទិវាតារារះ។ ប៉ុន្តែ​មិនទាន់បានកំណត់ថ្ងៃខួបកំណើតរបស់លោក គីម ជុងអ៊ុន ជាខួបកំណើតផ្លូវការនៅឡើយទេ។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថាកើតនៅថ្ងៃទី៨ ខែមករា នៅឆ្នាំ១៩៨៤៕