(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ បាននិយាយថាគោលបំណងគ្រប់គ្រងទឹកដីអ៊ុយក្រែនរបស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន មិនមានការប្រែប្រួលឡើយ ប៉ុន្តែ កងកម្លាំងរុស្ស៉ីនៅតែបញ្ហាមួយចំនួន ក្នុងនោះរួមមានទាំងការខ្វះខាតកងទ័ព និងសីលធម៌ជាកងទ័ព ខណៈទីក្រុងវ៉ាស៊ីនតោនរំពឹងថាជំនួយយោធាចុងក្រោយបំផុត អាចនឹងជួយអ៊ុយក្រែនក្នុងការដណ្ដើមយកទឹកដីដែលកំពុងស្ថិតក្រោមការកាន់កាប់ដោយរុស្ស៉ីមកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣។

លោកស្រី ឡូរ៉ា គូបភឺ (Laura Cooper) ជាឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុកកិច្ចការស្ដីពីរុស្ស៉ី និងអ៊ុយក្រែន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុង សន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ លោកស្រី ឡូរ៉ា បានគូសបញ្ជាក់ដូច្នេះថា «លោក ពូទីនមិនបានបោះចោលគោលបំណងចង់គ្រប់គ្រងទឹកដី អ៊ុយក្រែននោះទេ ដោយនៅតែបន្តចង់ក្រសោបយកទឹកដីអ៊ុយក្រែន»។ លោកស្រីបន្ថែមថា ប៉ុន្តែជាការពិតណាស់ ភាពទន់ខ្សោយរបស់រុស្ស៉ី រួមទាំងភាពទន់ខ្សោយនៃកងកម្លាំងប្រដាប់អាវុធរុស្ស៉ី និងការធ្លាក់ចុះសីលធម៌ជាកងទ័ព បាននិងកំពុងបង្កឧបសគ្គដល់គោលបំណងទាំងនេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានប្រកាសផ្ដល់ជំនួយយោធាថ្មីដល់អ៊ុយក្រែន រួមមានដូចជារថពាសដែកប្រយុទ្ធ Bradley, កាំភ្លើងធំហោវីតសឺ, រថយន្តការពារ​សម្រាប់​ដឹកកងទ័ព, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត, មីស៉ីលបាញ់ពីដីទៅអាកាស, គ្រាប់មីនប្រឆាំងរថពាសដែក, គ្រាប់រំសេវ, និង គ្រាប់មីស៉ីល RIM-7 Sea Sparrow សម្រាប់ការពារដែនអាកាស ជាដើម។ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ក៏បានសន្យាបញ្ជូនប្រព័ន្ធខែលការពារមីស៉ីល Patriot ឱ្យទីក្រុងកៀវថែមទៀតផង ដើម្បីជួយទប់ទល់ការវាយប្រហារដោយមីស៉ីលនិងដ្រូនរបស់រុស្ស៉ី៕