(មូស្គូ)៖ យន្ដហោះ Boeing 737 មួយគ្រឿងប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍មួយនៅក្នុងប្រទេសរុស្ស៉ី បានធ្វើការចុះចតជាបន្ទាន់ដោយសុវត្ថិភាព កាលពី ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នៅឯអាកាសយានដ្ឋាន សេរ៉េមេទីយេវ៉ូ (Sheremetyevo) ក្នុងទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃអាទិត្យ ទី៨ ខែមករា​ ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន TASS ដោយផ្អែកលើមន្ត្រីអាកាសចរណ៍ស៊ីវិលរុស្ស៉ីម្នាក់បានឱ្យដឹងថា យន្ដហោះខាងលើបានហោះនៅរយៈកម្ពស់ជាង ១០,០០០ម៉ែត្រ ហើយយន្ដហោះនេះបានបញ្ជូនសញ្ញាអាសន្នសុំចុះចតជាបន្ទាន់ ក្នុងដំណើរផ្លូវហោះហើរពីទីក្រុង មួរម៉ាន់ស្កិ៍ (Murmansk) ទៅកាន់ទីក្រុងមូស្គូ។

គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មាន TASS មិនបានបញ្ជាក់លម្អិតថាតើយន្ដហោះ Boeing 737 មួយគ្រឿងខាងលើជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៉ី មួយណាឱ្យប្រាកដនោះទេ ហើយក៏មិនបានបញ្ជាក់ពីចំនួនអ្នកជិះនៅលើយន្ដហោះនេះដែរ។ ប៉ុន្តែ ក្រុមហ៊ុនអាកាសចរណ៍ឯកជនធំលំដាប់ទី២ក្នុងប្រទេសរុស្ស៉ី ឈ្មោះថា S7 ត្រូវបានគេស្គាល់ថាជាអ្នកប្រតិបត្តិការហោះទៅនិងមកនៃទីក្រុង មួរម៉ាន់ស្កិ៍ (Murmansk) និងទីក្រុងមូស្គូ៕