(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថាមនុស្ស១៧នាក់បានស្លាប់ និង២២នាក់ បានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅថ្ងៃអាទិត្យនេះ នៅឯខេត្តជាំងស៊ី (Jiangxi) ភាគខាងកើតប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានឱ្យដឹងថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើង នៅប្រហែលជាម៉ោងមួយរំលងអាធ្រាត្រ ឈានចូល ថ្ងៃអាទិត្យនេះ ក្នុងតំបន់ណាន់ឆាង (Nanchang)។ CCTV បានគូសបញ្ជាក់ដូច្នេះថា «គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឱ្យមនុស្ស១៧នាក់បានស្លាប់ និង២២នាក់រងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV មូលហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ប៉ុន្តែមុនគ្រោះថ្នាក់នេះកើតឡើង ប៉ូលិសចរាចរណ៍ចិនបានចេញសេចក្ដីណែនាំឱ្យអ្នកបើកបរមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែមានអ័ព្ទធ្លាក់ចុះខ្លាំង៕