(ឡាហាវ៉ាន)៖ ការិយាល័យពន្ធនាគាររបស់សហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃសុក្រសប្តាហ៍នេះថា លោកស្រី អាណា បេលិន ម៉ុនតេស (Ana Belen Montes) ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក ធ្លាប់មានភស្តុតាងថាបានធ្វើការឲ្យចារកម្មគុយបា ត្រូវបានដោះលែងពីពន្ធនាគារមុនកាលកំណត់បន្ទាប់ពីជាប់ឃុំជាង ២០ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣។

លោកស្រី ម៉ុនតេស ដែលបច្ចុប្បន្នមានអាយុ ៦៥ឆ្នាំបានសារភាពកំហុសក្នុងឆ្នាំ២០០២ ពីបទសមគំនិតធ្វើចារកម្ម បន្ទាប់ពីត្រូវចោទប្រកាន់ថាបានប្រើប្រាស់តំណែងជាមន្ត្រីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិ (DIA) ដើម្បីធ្វើឲ្យបែកធ្លាយព័ត៌មានរួមទាំងអត្តសញ្ញាណរបស់ចារបុរសអាមេរិកមួយចំនួនទៅឲ្យទីក្រុងឡាហាវ៉ាន (Havana)។ កាលពីអាយុ ៤៥ឆ្នាំ លោកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ។

ក្នុងនាមជាពលរដ្ឋអាមេរិកដែលមានដើមកំណើតព័រតូរីកា លោកស្រី ម៉ុនតេស បានចាប់ផ្តើមធ្វើការឲ្យស្ថាប័ន DIA ក្នុងឆ្នាំ១៩៨៥ ហើយបានឡើងឋានៈយ៉ាងឆាប់រហ័សដើម្បីក្លាយជាអ្នកវិភាគកំពូលរបស់ទីភ្នាក់ងារគុយបា។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន សហរដ្ឋអាមេរិកបានបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនលើប្រទេសគុយបា ប៉ុន្តែបានរក្សាការហាមឃាត់ក្នុងសម័យសង្គ្រាមត្រជាក់របស់ខ្លួន និងបង្កើនការរឹតបន្តឹងលើជនចំណាកស្រុកខុសច្បាប់៕