(កៀវ)៖ កាំភ្លើងធំរបស់រុស្ស៊ី និងអ៊ុយក្រែន បានបន្តវាយលុកគោលដៅនៅភាគខាងកើតអ៊ុយក្រែន បើទោះបីជាមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងកម្លាំងរបស់លោកអនុវត្តបទឈប់បាញ់រយៈពេល ៣៦ម៉ោងសម្រាប់ពិធីបុណ្យគ្រិស្តអូស្សូដក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣។

ការបាញ់កាំភ្លើងធំត្រូវបានគេរាយការណ៍នៅតាមបណ្តោយជួរមុខនៃទីក្រុងបាកមុត (Bakhmut) ទីប្រជុំជនគ្រីមីនណា (Kreminna) របស់អ៊ុយក្រែន និងទីតាំងផ្សេងទៀតនៅក្នុងតំបន់ដូណេត និងលូហាន់ កាលពីថ្ងៃសុក្របន្ទាប់ពីការចាប់ផ្តើមនៃបញ្ជារបស់ទីក្រុងម៉ូស្គូសម្រាប់កងកម្លាំងរបស់ខ្លួន ដើម្បីរក្សាបទឈប់បាញ់ជាឯកតោភាគីចាប់ពីពាក់កណ្តាថ្ងៃនៃថ្ងៃឈប់សម្រាករបស់រុស្ស៊ី។

គ្រាប់រ៉ុក្កែតរបស់រុស្សីក៏បានភ្លៀងធ្លាក់ទៅលើតំបន់លំនៅដ្ឋានក្នុងទីក្រុងខឺសុន (Kherson) និងទីក្រុងក្រាម៉ាស្តុស្ក៍ (Kramatorsk) មុនពេលបទឈប់បាញ់ត្រូវបានអនុវត្ត។

គួរបញ្ជាក់ថា វិមានក្រឹមឡាំងបានប្រកាសបទឈប់បាញ់រយៈពេល ៣៦ម៉ោង បើទោះបីជាទីក្រុងកៀវបាននិយាយថា ខ្លួននឹងមិនអនុវត្តតាមសកម្មភាពឯកតោភាគី ដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ពិពណ៌នាថាជាការប៉ុនប៉ងរបស់ពូទីនក្នុងការពន្យឺតការជឿនលឿនរបស់កងកម្លាំងអ៊ុយក្រែន និងបង្កើតឱកាសសម្រាប់រុស្ស៊ីក្នុងការបំពេញបន្ថែមកងកម្លាំងរបស់ខ្លួន៕