(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) កាលពីថ្ងៃសុក្របានប្រកាសឱ្យដឹងថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយយោធាបន្ថែមសរុបជាង ៣.៧៥ពាន់លានដុល្លារ ទៅដល់អ៊ុយក្រែនព្រមទាំងប្រទេសអឺរ៉ុបដទៃទៀត ដែលរងការប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣។
វាគឺជាកញ្ចប់ជំនួយយោធាធំបំផុតរបស់ទីក្រុងវ៉ាស៉ីនតោន សម្រាប់ទីក្រុងកៀវគិតមកទល់ពេលនេះ។ ក្នុងនោះ ថវិកា២.៨៥ពាន់លានដុល្លារ គឺជាសព្វាវុធដែលត្រូវដកចេញ ពីក្នុងស្តុករបស់មន្ទីរបញ្ចកោណ ហើយនឹងត្រូវបញ្ជូនទៅកាន់អ៊ុយក្រែនផ្ទាល់តែម្តង ដោយមិនចាំបាច់មានការអនុញ្ញាតពីសភាអាមេរិកឡើយ។ ដោយឡែក ថវិកា២២៥លានដុល្លារទៀត នឹងត្រូវផ្តល់នៅក្រោមកម្មវិធីហិរញ្ញប្បទានយោធាបរទេស ដើម្បីជួយកសាងសមត្ថភាពរយៈពេលវែង និងគាំទ្រដល់ការធ្វើទំនើបកម្ម របស់យោធាអ៊ុយក្រែន។
កញ្ចប់ជំនួយយោធាខាងលើ ក៏រួមបញ្ចូលនូវការផ្តល់ហិរញ្ញប្បទានផ្នែកយោធា ក្នុងថវិកា៦៨២លានដុល្លារ សម្រាប់សម្ព័ន្ធមិត្តនៅអឺរ៉ុបផងដែរ ដើម្បីជំនួសបរិក្ខារយោធានិងសព្វាវុធ ដែលពួកគេបានជួយបរិច្ចាគឱ្យទៅអ៊ុយក្រែន ក៏ដូចជាដើម្បីជំរុញឱ្យមានការបរិច្ចាគបន្ថែមទៀត។
គួរបញ្ជាក់ថា សព្វាវុធក្នុងកញ្ចប់ជំនួយថ្មីរបស់អាមេរិកនោះ រួមមានដូចជារថពាសដែកប្រយុទ្ធ Bradley, កាំភ្លើងធំហោវីតសឺ, រថយន្តការពារសម្រាប់ដឹកកងទ័ព, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត, មីស៉ីលបាញ់ពីដីទៅអាកាស, គ្រាប់មីនប្រឆាំងរថពាសដែក, គ្រាប់រំសេវ, និង គ្រាប់មីស៉ីល RIM-7 Sea Sparrow សម្រាប់ការពារដែនអាកាស ជាដើម។ សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ ក៏បានសន្យាបញ្ជូនប្រព័ន្ធខែលការពារមីស៉ីល Patriot ឱ្យទីក្រុងកៀវថែមទៀតផង ដើម្បីជួយទប់ទល់ការវាយប្រហារដោយមីស៉ីលនិងដ្រូនរបស់រុស្ស៉ី៕