(វ៉ាស៉ីនតោន)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថា កាលពីរសៀលថ្ងៃសុក្រ (ពេលវេលាក្នុងតំបន់) កូនសិស្សអាយុត្រឹមតែ៦ឆ្នាំម្នាក់ បានយកកាំភ្លើងបាញ់ទៅលើគ្រូរបស់ខ្លួន នៅឯសាលារៀនមួយកន្លែង ក្នុងរដ្ឋវើជីនៀ (Virginia) និងបណ្តាលឱ្យគ្រូបង្រៀនរូបនោះទទួលរងរបួសធ្ងន់ ខណៈក្មេងប្រុសដែលបង្កហេតុ ត្រូវបានអាជ្ញាធរឃាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣។

ប៉ូលិសបាននិយាយថា ពុំមានសិស្សណាផ្សេងរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារខាងលើឡើយ ដែលបានកើតឡើងនៅសាលាកម្រិត​បឋមសិក្សាឈ្មោះ រីជណិក (Richneck Elementary School) ស្ថិតក្នុងទីក្រុងញូផតញូស៍ (Newport News)។ គ្រូបង្រៀនដែលរងគ្រោះ គឺមានភេទស្រីនិងវ័យខ្ទង់៣០ឆ្នាំ ហើយបានរងរបួសដែលគំរាមកំហែងដល់អាយុជីវិត ប៉ុន្តែលោក ស្ទីវ ឌ្រូ (Steve Drew) ស្នងការប៉ូលិសទីក្រុង Newport News បានប្រាប់ថា ស្ថានភាពរបស់អ្នកគ្រូ ហាក់បានប្រសើរឡើងបន្តិចវិញ។

អាជ្ញាធរអាមេរិកបានឱ្យដឹងថា ក្មេងបុរសខាងលើមានកាំភ្លើងខ្លីមួយដើម នៅក្នុងថ្នាក់រៀនកើតហេតុ ហើយពួកគេបានឃាត់ខ្លួនកូនសិស្សនោះ ជាបណ្តោះអាសន្ន។ ប៉ូលិសបានអះអាងថា វាមិនមែនជាករណីផ្ទុះអាវុធដោយចៃដន្យឡើយ ប៉ុន្តែក៏មិនមែនជាស្ថានការណ៍ ដែលមានមនុស្សម្នាក់ដើរធ្វើសកម្មភាពប្រហារ នៅក្នុងសាលានោះដែរ។ នាពេលនេះ ក្រុមអ្នកស៉ើបអង្កេត កំពុងព្យាយាមកំណត់ថា តើក្មេងប្រុសនោះបានកាំភ្លើងមកពីណា។

គួរបញ្ជាក់ថា ច្បាប់របស់រដ្ឋ Virginia មិនអនុញ្ញាតឱ្យក្មេងអាយុ៦ឆ្នាំ ត្រូវកាត់ទោសក្រោមនីតិវិធីដូចមនុស្សពេញវ័យនោះឡើយ។ ម៉្យាងវិញទៀត អាយុ៦ឆ្នាំក៏នៅក្មេងខ្លាំងពេកផងដែរ ក្នុងការបញ្ជូនទៅឃុំឃាំងនៅក្រោមមន្ទីរយុត្តិធម៌អនីតិជន ប្រសិនបើត្រូវរកឃើញថា ពិតជាមាន​ទោសមែន។ ប៉ុន្តែចៅក្រមនឹងមានអំណាច ដករហូតសិទ្ធិធ្វើអាណាព្យាបាលពីឪពុកម្តាយ ហើយដាក់ក្មេងនោះឱ្យនៅក្រោមការគ្រប់គ្រងមើលថែរបស់មន្ទីរសេវាកម្មសង្គម៕