(តេហេរ៉ង់)៖ នៅថ្ងៃសៅរ៍នេះ អាជ្ញាធរអ៉ីរ៉ង់បានអនុវត្តទោសប្រហារជីវិតលើបុរស២នាក់ ដែលរងការចោទប្រកាន់ពីបទសម្លាប់សមាជិកម្នាក់ នៃកងកម្លាំងសន្តិសុខ កំលុងការផ្ទុះបាតុកម្មទូទាំងប្រទេស ដែលកើតឡើងក្រោយការស្លាប់របស់នារីវ័យ២២ឆ្នាំម្នាក់ ឈ្មោះ ម៉ាសា អាមីនី (Mahsa Amini) កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំទៅមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ IRNA បានរាយការណ៍ថា ជនឈ្មោះ ម៉ូហាំម៉ាត់ មេឌី ការ៉ាមី (Mohammad Mehdi Karami) និងឈ្មោះ សេយីដ ម៉ូហាំម៉ាត់ ហូសេន (Seyyed Mohammad Hosseini) ដែលជាជនបង្កចម្បងក្នុងឧក្រិដ្ឋកម្មនាំឱ្យមានការបាត់បង់ជីវិត នៃកងកម្លាំងសន្តិសុខ ឈ្មោះ រូហូឡោះ អាចាមីយ៉ាន (Ruhollah Ajamian) ត្រូវបានប្រហារជីវិតតាមរយៈការព្យួរក កាលពីវេលាព្រឹកថ្ងៃសៅរ៍នេះ។ មកទល់ឥឡូវ មនុស្ស៤នាក់ហើយ ត្រូវបានប្រហារជីវិត ពាក់ព័ន្ធនឹងបាតុកម្មនៅអ៉ីរ៉ង់ ហើយក៏មានមួយចំនួនទៀត ត្រូវបានផ្តន្ទាទោសប្រហារជីវិតផងដែរ ប៉ុន្តែមិនទាន់អនុវត្តទោស។

គួរបញ្ជាក់ថា ការប្រហារជីវិតបុរស២នាក់ដំបូង កាលពីខែធ្នូ ឆ្នាំ២០២២ ក្រោមបទចោទប្រកាន់ស្រដៀងគ្នា បានបង្កឱ្យមានការរិះគន់ជាខ្លាំងពីអន្តរជាតិ រួមជាមួយនឹងការដាក់​ទណ្ឌកម្មបន្ថែម ពីសំណាក់ក្រុមប្រទេសលោកខាងលិច ប្រឆាំងនឹងប្រទេសអ៉ីរ៉ង់។ អាជ្ញាធរអ៉ីរ៉ង់បានចាប់ខ្លួនមនុស្សសរុបចំនួនរាប់ពាន់នាក់ កំលុងបាតុកម្មដែលបានចាប់ផ្តើមឡើងដំបូង ក្រោយការស្លាប់របស់នាង Mahsa Amini។ នារីម្នាក់នោះ បានស្លាប់កំលុងការឃុំឃាំងរបស់ប៉ូលិស​សីលធម៌អ៉ីរ៉ង់ ពីបទបំពានគោលការណ៍ស្លៀកពាក់ដ៏តឹងរ៉ឹងសម្រាប់ស្រ្តី៕